ច្រានចោលចោលការចោទប្រកាន់ថាអាជ្ញាធរ គំរាមចាប់ខ្លួនយុវជន ២នាក់ មូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់ ជារឿងមិនពិត

ភ្នំពេញ៖ លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខុសពីការណ៍ពិតទាំងស្រុងរបស់សារព័ត៌មាន VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយសារមូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់។អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ការចោទប្រកាន់ខុសពីការណ៍ពិតមកលើសមត្ថកិច្ចនោះ តាមពិតជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពុន១ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួលក្នុងសង្កាត់បឹងទំពុនទី១ ដោយសារមានជនសង្ស័យប្រព្រឹត្តបទល្មើសឆក់ប្លន់បានរត់ចូលក្នុងទីតាំងដូចបានបញ្ជាក់ខាងលើ។ ពេលសមត្ថកិច្ចកំពុងអនុវត្តការងារក៏មានយុវជន២នាក់ចេញមកថតសកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ច ដោយពុំមានការអនុញ្ញាត។ ដោយឃើញដូច្នេះសមត្ថកិច្ចជំនាញក៏បានធ្វើការណែនាំអប់រំ និងឱ្យលុបរូបនេះចេញវិញ ដោយមិនបានធ្វើការឃាត់ខ្លួនឬដាក់ទោសអ្វីឡើយ»។លោក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀតថា «សេចក្តីបកស្រាយ បំភ្លឺ និងបដិសេធរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មាន VOD ដែលបានចុះផ្សាយព័ត៌មានខុសពីការណ៍ពិតទាំងស្រុង ថាមានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ»ជារឿងមិនពិត។ក្នុងនាមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនទាំងអស់មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មានសូមធ្វើការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំធ្វើការសន្និដ្ឋានដោយអត្តនោម័ត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ និងធ្វើឱ្យមានការវាយតម្លៃអវិជ្ជមានចំពោះកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដែលអំពើនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់។ ជាមួយគ្នានេះដែរ លោក សាន សុខសីហា ក៏បានអំពាវនាវឱ្យចូលរួមសហការលុបបំបាត់ព័ត៌មានមិនពិតផងដែរ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed