សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន រឹបអូសបានប្រមាណជាង ២០០គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ក្នុងនោះមេក្លោង ២នាក់
RMN NEWS /October /23/2021
ខេត្តកោះកុង : (ព័ត៌មានលំអិត)អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០និង១៥នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដឹកនាំដោយលោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុក ដោយមានការចង្អុលបង្ហាញផ្ទាល់ដោយ លោឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុង និងដោយមានការសម្របសម្រួលរបស់លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀន នៅចំណុចលើផ្ទះមួយកន្លែង ស្ថិតក្នុងភូមិចម្ការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។
ក្នុងកិច្ចប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ៖ ១-ឈ្មោះ SUNGSING -PRAMOCH ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិថៃ រស់នៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ (មេក្លោង), ២-ឈ្មោះ SAE-THAO ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិថៃ រស់នៅខេត្តណាន ប្រទេសថៃ (មេក្លោង), ៣-ឈ្មោះ លែន ណាក ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ (កម្មករ) រស់នៅខេត្តតាកែវ, ៤-ឈ្មោះ នៅ ចន្ធូ ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តព្រៃវែង (ជាកម្មករ), ៥-ឈ្មោះ ពេជ្រ តុង ភេទប្រុស អាយុ៣៩ឆ្នាំ (ជាកម្មករ) រស់នៅខេត្តស្វាយរៀង និង៦-ឈ្មោះ រស់ ថាញ់ ភេទប្រុស អាយុ៤២ឆ្នាំ (ជាកម្មករ) រស់នៅខេត្តតាកែវ ។
រឹបអូសបានវត្ថុតាងរួមមាន ៖ -ទូកឈើចំនួន០១គ្រឿង(ធំ) -ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន១០កេស (ស្មើប្រមាណជាង២០០គីឡូក្រាម ថ្លឹងជញ្ជីងដៃ) ។
ចំពោះវត្ថុតាង និងជនសង្ស័យត្រូវបានឃាត់ខ្លួន និងយកមកកាន់អធិការដ្ឋាននគរបាលស្រុក និងបញ្ជូនបន្តទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីសាកសួរ និងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការខេត្តចាត់ការបន្តតាមនីតិវិធី ។
លុះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០ កម្លាំងចម្រុះបានធ្វើការកាត់ឃ្លុបទូករបស់ជនសង្ស័យ ដើម្បីត្រួតពិនត្យឆែកឆេរ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការខេត្តកោះកុង លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ហេង តុលាស្នងការរង លោកឧត្តមសេនីយ៍ត្រី កិក ចម្រើន ស្នងការរង លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុក លោកវរសេនីយ៍ឯក យស់ ចាន់វិចិត្រអធិការក្រុង លោក សួសម៉ៅ នាយករដ្ឋបាល លោក កែវ សុខ មេឃុំស្រែអំបិល លោក ហោ គឹមឆាយ មេភូមិស្រែអំបិល និងកងកម្លាំងចំនួន២០នាក់ ។ ក្នុងការឆែកឆេរត្រួតពិនិត្យពុំបានរកឃើញវត្ថុតាងអ្វីឡើយ ៕