បំបែកសំណុំរឿង ថ្នាំបុរាណចិននិងឧបករណ៍តេស្តកូវីដ១៩ ដែលគ្មានច្បាប់អនុញ្ញាត នៅបន្ទាយមានជ័យ
បន្ទាយមានជ័យៈ នៅ ថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២១ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យឹម សំអុល អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយនិងមានការសម្របសម្រួលពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រៈរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងមានមន្ត្រីសុខាភិបាលចូលរួមដែរ ។
យោងការណែនាំពីប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយដើម្បីទប់ស្កាត់ផលិតក្លែងក្លាយ និងពង្រឹងផលិតក្នុងស្រុកអោយមានគុណភាពនិងទីផ្សារការពារសុខមាលភាពជូនប្រជាពលរដ្ឋនោះ ទើបមន្ត្រីគណៈកម្មាធិការប្រឆាំងផលិតផលក្លែងក្លាយបានស្រាវជ្រាវចុះពិនិត្យទីតាំងហាងយីហោ ជីង ឡុង ដែលម្ចាស់ឈ្មោះ ចាន់ គឹមឡេង ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ នៅក្រុងសិរីសោភ័ណ រកឃើញមានថ្នាំបុរាណចិន ឧបករណ៍ធ្វើតេស្តកូវីដ.១៩ ដែលគ្មានច្បាប់អនុញ្ញាតិ ។
រកឃើញមាន: ១/ ឱសថLIANHUA QINGWEN JIAONANGចំនួន១៣កេស ដោយក្នុង១កេសស្មើ៤០០ប្រអប់ ។២/ វីតាមីនសេចំនួន២កេស (ស្មើ៤០០ដប ) ។៣/ ឧបករណ៍តេស្តកូវីដ.១៩ចំនួន២កេស (ស្មើ៦០០តេស្ត) តែគ្មានឱសថនិងបរិក្ខាពេទ្យទាំងនោះគឺសុទ្ធតែគ្មានច្បាប់អនុញ្ញាត ។
ព្រៈរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្ត បានសម្រេចឃាត់វត្ថុតាងជាបណ្តោះអាសន្ន ហើយតម្រូវអោយម្ចាស់ទីតាំងជាអ្នកមើលថែដោយខ្លួនឯង និងតម្រូវអោយម្ចាស់ចូលទៅបំភ្លឺលើករណីរកឃើញឱសថនិងបរិក្ខាពេទ្យទាំងនេះគ្មានច្បាប់អនុញ្ញាតនិងប្រភពមិនច្បាស់លាស់នោះ ។
សូមបញ្ជាក់ដែរថា ហាងយីហោ ជីង ឡុង របស់ឈ្មោះ ចាន់ គឹមឡេង នៅកណ្តាលក្រុងសិរីសោភ័ណតែងនាំចូលនិងលក់ចែកចាយផលិតផលថ្មីនិងប្លែកៗ ហើយឆក់ឱកាសឬព្រឹត្តិការណ៍ផ្សេងៗ ។
ជាពិសេស ក្នុងអំឡុងនៃការរីករាលដាលនៃជម្ងឺកូវីដ១៩ នេះ លោកបាននាំចូលនិងលក់ចែកចាយយ៉ាងសន្ធឹកនូវផលិតផលឱសថនិងឧបករណ៍ទាក់ទិនបង្ការ ការពារ ព្យាបាលជម្ងឺកូវីដ១៩ ម្យ៉ាងវិញទៀតម្ចាស់ហាងនិងបុគ្គលិក ក៏មិនមែនជាគ្រូពេទ្យដែរ ៕ដោយ: ចេស្តារ