កម្ពុជាសង្ឃឹមថា ពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ចិន និងសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ស្តីពីសមុទ្រចិនភាគខាងត្បូងបាន

2021-11-26 10:30pm

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ខាងមុខនេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC (Code of Conduct) ស្តីពីសមុទ្រចិនភាគខាងត្បូងបាន។ នេះបើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបញ្ជាក់នៅលើបណ្តាញសង្គម Facebook។

លោករដ្ឋមន្រ្តីបានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់បែបនេះ នៅសន្និសីទកំពូល អាសុី-អឺរ៉ុប លើកទី១៣ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

លោក ខៀវ កាញារីទ្ធ បានដកស្រង់ប្រសាសន៍សម្តេចតេជោយ៉ាងដូច្នេះថា៖ «[ ចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាសុី-អឺរ៉ុប ទី១៣នេះ] ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ ប្រទេសចិន និងប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ( Code of Conduct ) ស្តីពីសមុទ្រចិនភាគខាងត្បូងបាន ដែលឆ្នាំ២០២២នេះ គឺជាខួបទី ២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញស្តីពីការតាក់តែង CoC ទាក់ទិនទៅនឹងប្រទេសទាំងអស់ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្ទចិនខាងត្បូងនេះ»។

ក្នុងនាមសមាជិកអាស៊ានមួយ ដែលជារដ្ឋមិនទាមទារអធិបតេយ្យ កម្ពុជាមានសេចក្តីប្រាថ្នារួមដើម្បីឱ្យសមុទ្រចិនខាងត្បូងនៅតែជាសមុទ្រនៃសន្តិភាព ស្ថិរភាព និងវិបុលភាព។

រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសថា «ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាក្នុងនាមជារដ្ឋដែលមិនទាមទារ អធិបតេយ្យ នៅក្នុងសមុទ្រចិនខាងត្បូង សូមរក្សាភាពអព្យាក្រឹតលើបញ្ហាជម្លោះទឹកដី ហើយកម្ពុជាសង្ឃឹមថាភាគីពាក់ព័ន្ធគួរបន្តរក្សាបរិយាកាស អំណោយផលក្នុងការថែរក្សា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ដែលនឹងចូលរួមចំណែកដល់ការបញ្ចប់ការចរចាលើក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង»៕អក្ខរា១៥

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *