រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញពិនិត្យមើលដំណើរការរៀបចំ ផ្នែកបច្ចេកទេស ក្រុមការងារពិសេស ទទក ផ្សាយផ្ទាល់ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ :    នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យមើល ក្រុមការងារពិសេសទូរទស្សន៏ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដែលកំពុងរៀបចំ ត ភ្ជាប់បណ្តាញខ្សែកាបអុបទិក និងការងារបច្ចេកទេស ដើម្បីត្រៀមធ្វើការផ្សាយផ្ទាល់កម្មវិធី ប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ។

      តាមការបញ្ជាក់របស់ ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៏ជាតិកម្ពុជា បានអោយដឹងថា សម្រាប់ឱកាសឆ្នាំនេះ គឺកាន់តែពិសេស សម្រាប់ក្រុមការងារ ទូរទស្សន៏ជាតិកម្ពុជា ក្នុងការត្រៀមរៀបចំថត ផ្សាយផ្ទាល់ការប្រារព្ធខួបអនុស្សាវរីយ៏លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ទាំងនៅថ្ងៃ ព្រះរាជពិធីបុណ្យ ប្រទានភ្លើងជ័យ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា និង ពន្លត់ភ្លើងជ័យ រសៀលថ្ងៃទី១១ វិច្ឆិកា ២០២១ ។

    អស់រយៈពេលពេញ១ ថ្ងៃនេះ ក្រុមការងារពិសេសទូរទស្សន៏ជាតិកម្ពុជា បានរៀបចំតបណ្តាញ និងសាកកាមេរ៉ា ដែលបានដាក់តាម គោលដៅនីមួយៗ បានរួចរាល់ ហើយអ្វីដែលសំខាន់គឺ ការភ្ជាប់បណ្តាញ កាមេរ៉ាថតរូបភាព រហូតដល់ ១០ ទីតាំង ចាប់ពីខាងមុខ ព្រះមរបរាជវំាង រហូតមកដល់វិមាន ឯករាជ្យ ជាទីតាំងប្រារព្ធពិធី។

   ឯកឧត្តម ឃឹម វុទ្ធី ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់ផ្នែក នៃអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា បានសំដែងនូវការប្តេជ្ញាចិត្ត ក្នុងការខិតខំធ្វើយ៉ាងណា អោយការរៀបចំការថតផ្សាយបន្តផ្ទាល់ ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានទទួលជោគជ័យ ដោយពុំបញ្ហាកើតឡើងចំពោះមុខនោះទេ ដោយសារក្រុមការងារទាំងអស់សុទ្ធតែមានជំនាញ និងបទពិសោធន៏ខ្ពស់ ក្នុងការថត ផ្សាយ និងការអត្ថាធិប្បាយ ជាយូរមកហើយ នឹងទទួលបានការគាំទ្រ កោតសរសេីរ ផងដែរ។ 

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គនាយក ឃឹម វុទ្ធី បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងតែបានគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមការងារទូរទស្សន៏ជាតិកម្ពុជា ហើយតែងតែចុះមកពិនិត្យមើលផ្ទាល់ការរៀបចំ ការងារបច្ចេកទេស នានា មុនការប្រារព្ធពិធីបុណ្យជាតិធំ ៗ និងព្រឹត្តការណ៏សំខាន់ៗ របស់ជាតិ ដែលទូរទស្សន៏ជាតិកម្ពុជា ត្រូវថត ផ្សាយផ្ទាល់ ។ ក្រៅពីការផ្តល់ជាការលើកទឹកចិត្ត ឯកឧត្តម រដ្ឋមន្រ្តី ក៏បានផ្តល់នូវសំភារៈបរិក្ខា បច្ចេកទេស និងថវិកា ដល់ទូរទស្សន៏ជាតិកម្ពុជា ដើម្បីធ្វេីយ៉ាងអោយរាល់ សកម្មភាពការងារប្រព្រឹត្តទៅដោយរលូន នឹងទទួលបានភាពជោគជ័យ ជារៀងរហូត មកដល់បច្ចុប្បន្ននេះ។

   ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសេីរចំពោះ ក្រុមការងារទាំងអស់ ទាំងទូរទស្សន៏ជាតិកម្ពុជា និងវិទ្យុជាតិកម្ពុជា ដែលបានប្រឹងប្រែងរៀបចំ តាមជំនាញ នីមួយៗបានយ៉ាងល្អ ហើយសង្ឃឹមថា ការថតផ្សាយផ្ទាល់ពិធីបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា នឹងមានរូបភាព ច្បាស់ល្អ មិនមានភាពរអាក់រអួល ផ្នែកបច្ចេកទេសអ្វីនោះទេ នឹងថតបានគ្រប់ទិដ្ឋភាពសំខាន់ៗ នៅក្នុងដំណើរការកម្មវិធី រហូតដល់ចប់។

     នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានអញ្ជើញមកពិនិត្យមើលការងារ ទទក នេះដែរ ក៏បានជម្រាបជូនការអុជកាំជ្រួចអបអរសារទ ខួបអនុស្សាវរីយ៍លើកទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ  ឆ្នាំ២០២១ដែលត្រូវអុជកាំជ្រួចនៅវេលាម៉ោង ៧ យប់ថ្ងៃទី ៩ វិច្ឆិកា និង ថ្ងៃទី ១១ ខែវិច្ឆិកា វេលាម៉ោង ៧ យប់ដូចគ្នា។ 

ថ្ងៃទី០៩ ខែវិច្ឆិកា ជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៏លើក ទី៦៨ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩​ វិច្ឆិកា ១៩៥៣-៩​ វិច្ឆិកា ២០២១)​ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប៦៨ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

     ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា បាន​រំលឹក​ឲ្យ​ឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​៕

ដោយ: ទទក

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed