គណៈបញ្ជាការឯកភាព ដឹកនាំដោយលោក សុខ ពេញវុធ បានចុះរៀបចំលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវនូវការដាក់តាំងលក់រថយន្តតាមផ្លូវ សាធារណៈក្នុងមូលដ្ឋានខណ្ឌដូនពេញ

គួររំលឹកផងដែរថាកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលសាលាខណ្ឌដូនពេញបានចេញសេចក្តី ជូនដំណឹងស្ដីពីការបញ្ឈប់ការដាក់តាំងលក់រថយន្តលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ដោយទុករយៈពេលអោយបីថ្ងៃដើម្បីឲ្យម្ចាស់យានយន្ត យករថយន្តដែលតាំងនៅលក់លើចិញ្ចើមផ្លូវចេញជាកំហិត ក្នុងករណីនៅតែមិនអនុវត្តតាមសេចក្តីជូនដំណឹងក៏ដូចជាសេចក្តីណែនាំរបស់រដ្ឋបាលខណ្ឌដូនពេញទេនោះ រដ្ឋបាលខណ្ឌដូនពេញនិងចុះអនុវត្តវិធានការរដ្ឋបាលដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ លោក លោកស្រីឡើយ។
ហើយនៅថ្ងៃទី១២ខែមិថុនានេះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានចុះប្រតិបត្តិការ ជាលទ្ធផល ៖រថយន្តចំនួន ២៧គ្រឿង ត្រូវបានស្ទូច និងដកហូតយកមករក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញរួមមាន៖
១/ររថយន្តគួកជេរចំនួន ១៧គ្រឿង
២/រថយន្តសំចតសម្រាប់ជួលចំនួន០៥គ្រឿង ។
៣/រថយន្តប្រជាពលរដ្ឋចំនួន ០៥គ្រឿង ។
ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តនូវវិធានការរដ្ឋបាលនេះ កម្លាំងចម្រុះនឹងបន្តចុះអនុវត្តការងារនេះជាបន្តទៀត នៅវេលាម៉ោង១៤:៣០នាទីរសៀលនេះជាបន្តទៀត។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអបអរសាទរនូវចំណាត់ការរបស់លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ដែលបានចុះរៀបចំសណ្ដាប់ធ្នាប់មិនឱ្យមានការកកស្ទះចរាចរណ៍នៅតាមដងផ្លូវងាយស្រួលអ្នកធ្វើដំណើរក្នុងការឆ្លងកាត់តាមផ្លូវនានាក្នុងមូលដ្ឋានខណ្ឌដូនពេញ។
ប្រជាពលរដ្ឋសង្ឃឹមជឿជាក់ថាលោកអភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញនិងមានចំណាត់ការបន្តទៅលើការហ៊ុំព័ទ្ធដោយដាំបង្គោលដាក់ច្រវ៉ាក់ យកចិញ្ចើមផ្លូវសាធារណៈនាំឲ្យមានការប៉ះពាល់ក្នុងការធ្វើដំណើរក៏ដូចជាការកកស្ទះចរាចរណ៍តាមដងផ្លូវ មិនមានសោភ័ណភាពក្នុងរាជធានីភ្នំពេញ។ ហើយចិញ្ចើមផ្លូវជាច្រើនដែលហ៊ុំព័ទ្ធដោយបង្គោលនិងដាក់ច្រវ៉ាត់នៅតាមបណ្ដោយផ្លូវ ម្តុំមុខវត្តស្រះចកនិងមុខមន្ទីរពេទ្យ ជប៉ុន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងកន្លែងនាៗជាច្រើនកន្លែងទៀត៕N7








