សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបុរសម្នាក់ ដែលសម្លាប់ប្រពន្ធនៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង

ភ្នំពេញ-បាត់ដំបង ៖កម្លាំងនគរបាលបានធ្វើការស្រាវជ្រាវចាប់ខ្លួន បុរសម្នាក់នៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ ដោយ បុរសម្នាក់នេះយកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ប្រពន្ធ នៅចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ រួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ។
លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា: ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំ ត្រូវជាប្តីនៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯក បានបញ្ជាក់បន្ថែមថា : បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបុរសជាប្ដី បានយកកាំបិតកាប់ និងកៅអីវាយសម្លាប់ជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីទៅបោះចោល។
ក្រោយមក នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារឥស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ២០០ម៉ែត្រ។
បន្ទាប់មកក្រោយទទួលបានបទបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបានតែម្ដង៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed