រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងក្រុមប្រឹក្សាធម្មនុញ្ញ គឺជាស្ថាប័នកំពូលរបស់ជាតិ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងមានការទទួលខុសត្រូវក្នុងការសម្រេចលើកិច្ចការសំខាន់ៗដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃកម្ពុជា ឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ជាតិ ឬការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា។

ផ្អែកលើមូលដ្ឋាននេះ ប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញសុទ្ធតែត្រូវបានកំណត់ឱ្យមានកាតព្វកិច្ចត្រូវធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែង នៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រនៃសម្តេចព្រះសង្ឃរាជ និងទេវតារក្សាស្វេតច្ឆត្រ ដោយត្រូវសច្ចាប្តេជ្ញាជាដាច់ខាតក្នុងការអនុវត្តកាតព្វកិច្ចស្មោះត្រង់ចំពោះជាតិ និងការការពារឧត្តមប្រយោជន៍ ដែលជាអាយុជីវិតរបស់ជាតិ និងប្រជាជនកម្ពុជា។

ដើម្បីធានាបានឱឡារិកភាពទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ចំពោះគោលជំហរនិងការ ប្តេជ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីធានាការពារឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជនពីការជ្រៀតជ្រែកពីបរទេស, និងដោយយោងតាមមាត្រា ១៥៣ ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា រាជរដ្ឋាភិបាលសូមស្នើធ្វើវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី (មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ សំដៅចារឹកគោលការណ៍គ្រឹះទាំងនេះចូលទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់គ្រឹះ និងជាច្បាប់កំពូលរបស់ជាតិ ដោយកំណត់ឱ្យប្រធានរដ្ឋសភា, ប្រធានព្រឹទ្ធសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់”។ប្រភព៖ Phay Siphan

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *