អគ្គិភ័យឆាបឆេះខុនដូរ លី ហ៊ួត បណ្តាលឲ្យរងការខូចខាតសម្ភារៈអស់ទាំងស្រុង
ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ៤និង១០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចអាគារលេខ36A តាមផ្លូវលេខ២៤២ កែងផ្លូវលេខ១១១ ក្រុម១៣ ភូមិ២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ព្រមទាំងឆាបឆេះអស់សម្ភារៈមួយចំនួន ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ លី ហ៊ួត ភេទប្រុស អាយុ ៧២ឆ្នាំ ជាម្ចាស់អាគារខុនដូរ បានជួលបន្ទប់អោយទៅឈ្មោះ Xu HuiFa ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរថតបង្ហោះ TikTok ជនជាតិចិន មូលហេតុដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ដោយសារតែចោលកន្ទុយបារីបង្កជាអគ្គិភ័យ ។ក្នុងហេតុការណ៍មួយនេះ បានបំផ្លាញ ថ្មបេតុង បន្ទប់ស្នាក់នៅលេខ17C ជាន់ទី១៧ ដែលមានទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។លោកនាយការិយាល័យ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ១២គ្រឿង ប្រើប្រាស់ទឹកអស់ ២២ឡាន ស្មើនឹង ៨៨ម៉ែត្រគូប, រថយន្តជំនួយមកពីទីក្រុងអូឡាំព្យា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង៤ម៉ែត្រគូប ទើបរលត់ទាំងស្រុង ៕