ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរពាក់ព័ន្ធនិងក្រុមមន្រ្តីបច្ចេកក្រសួង បានបន្តបេសកកម្មអន្តរាគមន៍ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ
រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកនៅសណ្ដរស្ទឹងត្រែងឆ្នោត នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាទឹកមានការស្រកថយជាច្រើនមិនមានកំហុកកើតឡើងដូចកាលពីម្សិលមិញឡើយ ដោយសារ អាជ្ញាធរពាក់ព័ន្ធនឹងក្រុមមន្ត្រីបច្ចេកទេសក្រសួងបានបន្តបេសកកម្មអន្តរាគមន៍នៅចំណុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោតត្រង់ចំណុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ឃុំក្រាំងនិងភូមិសិលាសង្កាត់ទៀនខណ្ឌដង្កោ។
ក្នុងកំឡុងពេលចុះដឹកនាំបញ្ជាផ្ទាល់ទៅទីតាំង ឯកឧត្តមរដ្ឋមន្រ្តីបានដាក់ផែនការដើម្បីកាត់បន្ថយការលិចលង់រីករាលដាលដោយ ៖
១- រៀបចំបាវខ្សាច់ដាក់រៀបពីភាគខាងលើសំណង់ទំនប់-ផ្លូវចាស់ ដើម្បីកាត់បន្ថយចរន្តទឹកហូរបុកខ្លាំង ។
២- ឆ្កឹះយកតួសំណង់ចាស់(សល់ពីជំនាន់ប៉ុលពត)ចោល រួចសំអាតដោយធ្វើការចាក់បំពេញដីតួរផ្លូវទំនប់ឲ្យរឹងមាំសារជា ថ្មីឡើងវិញ ។
រហូតមកដល់ម៉ោង១១ ព្រឹកនេះ ផែនការតំណាក់កាលទី១អនុវត្តបានសំរេចហើយ ពោលគឺបន្ថយចរន្តទឹកខ្លាំង មិនមានសកម្មភាពបង្ករការហូរបុកបាក់បន្ថែមទៀតនោះទេ។ ការងារកំពុងដំណើរការល្អទៅតាមផែនការកំណត់ដែលឯឧរដ្ឋមន្ត្រីបានដាក់ចេញ រហូតដល់ទទួលបានជោគជ័យក្នុងពេលដ៏ខ្លីឆាប់ៗនេះ ៕