ស្ថានភាពស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ដាក់ ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទ បន្តត្រួតពិនិត្យស្ថានភាពទឹកនៅស្ទឹងព្រែកត្នោត និងទីតាំងដែលទឹកហូរច្រោះ ព្រមទាំងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋមួយចំនួនទៅកាន់ទីទួលមានសុត្ថិភាព។
ក្រោយពីទទួលបានព័ត៌មានជុំវិញ ការធ្លាយទំនប់សណ្តរស្ទឹងព្រែកត្នោតកាលពីយប់មិញឯកឧត្ដម ឃួង ស្រេងបានចុះមកដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានបញ្ជា ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីទប់ទឹកដែលធ្លាយនេះ កុំអោយបង្កគ្រោះមហន្តរាយដល់បងប្អូនប្រជាពលរដ្ឋ។
ការធ្លាយទំនប់សណ្តរស្ទឹងព្រែកត្នោតនេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ឯកឧត្តម ម៉ៅ ហាក់ ប្រធានមុខព្រួញរាជធានីភ្នំពេញ លោកប្រធាននាយកដ្ឋានជំនាញ ទីប្រឹក្សា និងក្រុមមន្រ្តីបច្ចេកក្រសួង បានចុះពិនិត្យ និងដឹកនាំបញ្ជាការងារអន្តរាគមន៍ផ្ទាល់ នៅចំនុចទំនប់បាក់លើសណ្តរស្ទឹងព្រែកត្នោត ត្រង់ចំនុចភូមិកន្ទុយទឹក ជាប់ព្រំប្រទល់ភូមិក្រាំង និងភូមិសាលា សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រុមការងារបច្ចេកទេសក្រសួងបានប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ ចំនួន ០៥គ្រឿង ដីខ្សាច់ជាច្រើនឡាន សហការជាមួយកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សសម្តេចតេជោ បញ្ជាការដ្ឋានយោធភូមិភាគពិសេស៧០៦ អាជ្ញាធរមូលដ្ឋាន និងសាលារាជធានីភ្នំពេញ កំពុងបន្តការងារអន្តរាគមន៍យ៉ាងសកម្ម ខិតខំបិទផ្ចិតចំនុចទំនប់បាក់នេះ ដើម្បីបញ្ជៀសហានិភ័យ គ្រោះ ថ្នាក់ផ្សេងៗជាយថាហេតុ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំពីមុខទឹកនៃទីតាំងនេះ ។
ទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានធ្លាយ កាលពីយប់ម៉ិញ (ថ្ងៃទី២៦តុលានេះ )មានទីតាំង ស្ថិតក្នុងភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន បញ្ជាក់ថា ពីមុនជាទ្វាទឹក (ប្រឡាយ៨៥) ក្រោយមកត្រូវបានបិទមិនអោយដំណើរការ លុះមកដល់មានជំនន់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ អតីតទ្វាទឹកនេះ បានជ្រៀបទឹករហូតធ្លាយពីខាងក្រោមតែម្តង។
ក្រោយពីធ្លាយទំនប់នេះ មិនបានប៉ុន្មានម៉ោងផង អាជ្ញាធររាជធានីភ្នំពេញ ក្រោមការបញ្ជាពីផ្ទាល់ពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ យើងអាចគ្រប់គ្រប់គ្រងបានប្រមាណ៨០ភាគរយ ដែលវានឹងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋបន្ថែមទៀត។
មន្ត្រីរដ្ឋបាលខណ្ឌដង្កោ បានអោយដឹងថា ការបាក់ទំនប់ទឹកសណ្តរស្ទឹងព្រែកត្នោតនេះ វាបានប៉ះពាល់ដល់ភូមិចំនួន៤ ក្នុងសង្កាត់ទៀតនៃខណ្ឌដង្កោ ក្នុងនោះមាន ភូមិកន្ទុយទឹក ប៉ះពាល់ចំនួន ៥៣ខ្នងផ្ទះ ភូមិថ្មចំនួន៩៣ខ្នង ភូមីក្រាំង៨៥ខ្នង ភូមិសាលាចំនួន៧៤ សរុប៣០៦ខ្នងផ្ទះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី គ្រោះមហន្តរាយនេះវាមិនបានអូសបន្លាយអោយធ្ងន់ធ្ងរជាងនេះថែមទៀតនោះទេ បើ អាចទប់ស្កាត់បានទាន់ពេលវេលា៕