ថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំង មន្ត្រីជំនាញ ចុះពិនិត្យទីតាំងផ្ទៃដីទឹក ជាប់បឹងទន្លេសាប
ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការ ទិសទី១បន្ទាយមានជ័យ អមដំណើដោយ លោក ឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ មន្ត្រីជំនាញ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ស្នងការនគរបាលខេត្ត កងកម្លាំងចម្រុះ ចុះពិនិត្យទីតាំងជាក់ស្តែង និងទប់ស្កាត់ការចំពោះការកាប់ព្រៃលិចទឹក និងវាទទីយកដីបឹងទន្លេសាប នៅតំបន់២ តំបន់៣ ក្នុងភូមិសាស្ត្រឃុំប្រាសាទ និង ភ្នំលៀប
ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយប្រើប្រាស់មធ្យោបាយទូក ក្នុងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្នុងបេសកកម្មអញ្ជើញចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនោះ ថ្នាក់ដឹកនាំក្រសួង អភិបាលខេត្ត បានរៀបចំកម្លាំងប្រដាប់អាវុធចម្រុះ មានមន្ត្រីខេត្ត មន្ត្រីជំនាញ កងកម្លាំងទាំង៣ ប្រចាំការជាប់នៅគោលដៅ ដើម្បីទប់ស្កាត់ បង្ក្រាប់បទល្មើស និង ក្រុមមន្ត្រីជំនាញសូរិយោដី ជលផល និងមន្ត្រីមូលដ្ឋាន ដើម្បីចុះផ្ទៀងផ្ទាត់ កំណត់បង្គោលព្រំ ដើម្បីកសាងឯកសារប័ណ្ណកម្ម ចុះបញ្ជីដីរដ្ឋ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។