សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រុងកម្រិតស្រាលឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានឃាត់ខ្លួនមនុស្ស ២៦នាក់ ម៉ូតូសរុបចំនួន៣៧គ្រឿង

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់មួយកន្លែងក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានឃាត់ខ្លួនមនុស្ស ២៦នាក់ ម៉ូតូសរុបចំនួន៣៧គ្រឿង ព្រមទាំងវត្ថុតាងមានទាំងមាន់គកជាច្រើនក្បាលផងដែរ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងបនល្បែងជល់មាន់នេះបានឲ្យដឹងថា ទីតាំងខាងលើនេះបើកលេងជាយូរណាស់មកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចមូលដ្ឋានមកបង្ក្រាបឡើយ ប្រភពដដែលបានបន្តទៀតថា សមត្ថកិច្ចមូលដ្ឋានដឹងដែរឬក៏ធ្វើមិនដឹងបានជាបណ្ដែតបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងប្រមូលផ្ដុំលេងទៅបានដោយរលូនបែបនេះ។ហើយប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើបានលើកសរសើរដល់កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការចុះបង្ក្រាបទីតាំងបនល្បែងដែលខុសនឹងបម្រាមក៏ដូចជាសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ។

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្មំពេញ បានធ្វើការស្រាវជ្រាវជាច្រើនថ្ងៃមកហើយ និងរៀបចំកម្លាំងជំនាញជាច្រើននាក់ ចុះបង្ក្រាបនៅថ្ងៃនេះតែម្ដង ដោយបានចាប់ឃាត់ខ្លួនមនុស្ស ចំនួន២៦ នាក់ ម៉ូតូ ចំនួន៣៧គ្រឿង និងមាន់ជល់ជាច្រើនក្បាល ព្រមទាំងវត្ថុតាងជាច្រើនផងដែរ ។  

ក្រុមអ្នកញៀនល្បែងជល់មាន់ទាំង២៦នាក់ខាងលើរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានដឹកបញ្ជូនទៅកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed