សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនជនអនាធិបតេយ្យ ដែលកាប់ទន្ទ្រានព្រៃលិចទឹកយកដីក្នុងតំបន់បឹងទន្លេសាបមកផ្ដន្ទាទោសតាមច្បាប់
ចេញផ្សាយ ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១
ភ្នំពេញ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួនជនអនាធិបតេយ្យដែលកាប់ទន្ទ្រានព្រៃលិចទឹកយកដីក្នុងតំបន់បឹងទន្លេសាបមកផ្ដន្ទាទោសតាមច្បាប់ និងមិនអនុញាតឱ្យមានការបង្កបង្កើនផលលើដីនោះឡើយក្នុងរដូវទឹកសម្រក។
ក្នុងសារជាសំឡេងនារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្ញើជូនជនរួមជាតិ សម្ដេចតេជោថ្លែងថា យោងតាមរបាយការណ៍ស្រាវជ្រាវ របស់រាជបណ្ឌិតសភាកម្ពុជាដែដឹកនាំដោយ ឯកឧត្ដមបណ្ឌិសភាចារ្យ សុខ ទូច បានបង្ហាញឱ្យឃើញពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ នោះគឺការកាប់នៅព្រៃលិចទឹក ដែលជាតំបន់ស្នូល និងតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀតនៅតំបន់ទន្លេសាប ។
សម្ដេចតេជោបន្តថា ភាពអនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្ត្រីដែលធ្វើការងារពាក់ព័ន្ធ ជាមួយនឹងការគ្រប់គ្រងដែនដី ជាខេត្ត ជាស្រុក ឬក៏មន្ត្រីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្ទ្រានយកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នៅការកាប់ទន្ទ្រានយកដីក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។
សម្ដេចតេជោគូសបញ្ជាក់ថា ដូច្នេះដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ ដំបូងប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហាពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងនាំឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនិងដីដែលបានកាប់រួចហើយ អាជ្ញាធរខេត្តត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាពទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន។ ព្រោះអភិបាលខេត្តក៏ជាប្រធានគណៈកម្មាធិការសុរិយោដីថ្នាក់ខេត្ត ហើយជាមួយនោះ ក៏មានមន្ទីរជំនាញដែលមានការពាក់ព័ន្ធ ដូចជា បញ្ហាបរិស្ថាន បញ្ហាធនធានទឹក បញ្ហាកសិកម្ម និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅតាមខេត្ត ដែលត្រូវប្រើប្រាស់កម្លាំងទាំងអស់នេះ ជាកម្លាំងក្រោមឱវាទរបស់ខ្លួន និងដោយមានការគាំទ្រពីកម្លាំងកងទ័ព នគរបាល និងអាវុធហត្ថ ដើម្បីធ្វើការបង្ក្រាប។
សម្ដេចតេជោគូសបញ្ជាក់ទៀតថា «ក្រៅពីថ្នាក់ខេត្ត ខ្ញុំសូមចេញបទបញ្ជា ឱ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានសុរិយោដីថ្នាក់ជាតិ ដឹកនាំការប្រជុំជាបន្ទាន់ ជាមួយនិងក្រសួងដែលមានការពាក់ព័ន្ធ ដែលក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ផ្នែកពាក់ព័ន្ធនានា រាប់ទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ដែលទទួលខុសត្រូវទៅលើការបង្ក្រាបបទល្មើសព្រៃឈើ បែងចែកភារកិច្ចគ្នា ដើម្បីធ្វើការចុះទៅត្រួតពិនិត្យរួម ដើរពីក្រោយជាមួយនិងការធ្វើរបស់ខេត្ត ហើយខ្ញុំចេញបទបញ្ជាឱ្យដកយកត្រឡប់មកវិញទាំងអស់នូវដីទាំងឡាយ ដែលបានកាប់រួចមកហើយ ដូចជា នៅខេត្តកំពង់ឆ្នាំង»។
សម្ដេចតេជោនាករដ្ឋមន្ត្រីលើកឡើងថា « ប្រសិនបើរបាយការណ៍នេះខុស ក៏ខ្ញុំសូមអធ្យាស្រ័យ ឮ ថាអតីតអភិបាលខេត្តកំពង់ឆ្នាំងដែលទើបចាកចេញពីដំណែងក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណជា ជាង ២ ០០០ ហិកតា ឯណ្ណោះ»។ ដូច្នេះ ខ្ញុំមិនខ្វល់ថា វាជាដីរបស់អតីតអភិបាលខេត្ត ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃទេ ទោះបីថ្នាក់ណាក៏ដោយត្រូវតែប្រមូលយកដីនេះមកវិញទាំងអស់ ហើយដីនោះត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញនៅពេលក្រោយ។ ដូច្នេះស្នើឱ្យមានការចាត់វិធានការ ហើយរៀបចំក្រុមសម្រាប់គ្រប់ខេត្តនៅតំបន់ទន្លេសាប។ ត្រូវដកហូតដីត្រឡប់មកវិញទាំងអស់ ទាំងរបស់មន្ត្រី ទាំងរបស់ប្រជាជន នៅក្នុងដែនដែលយើងបានកំណត់ជាតំបន់ ១ តំបន់ ២ និងតំបន់ ៣ នៃបឹងទន្លសាប ដែលមិនត្រូវឱ្យមានការរំលោភបំពាន ទៅលើតំបន់ដែលបានកំណត់ដែលត្រូវការពារនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងសង្កត់ធ្ងន់ថា ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា ត្រូតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកម្លាំងដើម្បីដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ទាំងកម្លាំងថ្មើរជើង ទាំងជើងទឹក និងទាំងការប្រើប្រាស់ឧត្ថម្ភគចក្រ ដើម្បីត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សាតំបន់ព្រៃលិចទឹកនេះ ព្រោះនៅមិនយូរប៉ុន្មានទេទឹកនឹងស្រកផុត ពួកគេនឹងចាប់ផ្ដើមបង្កបង្កើនផល ឬកាប់បន្ថែមនៅទីនោះ។ សម្ដេចតេជោបានបញ្ជាក់ដែរថា «យើងមិនអនុញ្ញាតឱ្យបង្កបង្កើផលទៅលើដី ដែលត្រូវដកហូតត្រឡប់មកវិញនេះទេ ដោយសារតែសមត្ថិកច្ចទាំងអស់សុទ្ធតែជានគរបាលយុត្តិធម៌ ដូច្នេះត្រូតែចាប់ខ្លួនចំពោះអ្នកណា