2021-11-08 10:11am

(ភ្នំពេញ)៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក បើកសម្ពោធជាផ្លូវការនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ពិធីនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកម្ពស់ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធ៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយចំពោះការបានមកសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា អគារក្រសួងនេះគ្រោងនឹងសម្ពោធកាលពីខែមេសា តែដោយសារជំងឺកូវីដ១៩ ក៏បានពន្យារពេលមកដល់ពេលនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា គន្លងថ្មីនៃការរស់នៅក្នុងសម័យកូវីដ១៩ បានធ្វើឱ្យសាលប្រជុំរបស់ក្រសួងដែលអាចដាក់បានមនុស្សរហូតដល់ទៅជាង ២ពាន់នាក់ តែត្រូវដាក់មកត្រឹមប្រមាណ ៥០០នាក់ប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ អាចបំផ្លាញការរស់នៅ តែមិនអាចបំផ្លាញដំណើរឈានទៅមុខរបស់កម្ពុជាបាននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីការដោះដូរទីតាំងក្រសួងមួយចំនួន ក្រោយពេលក្រសួងសាធារណការត្រូវបានសាងសង់នៅទីតាំងថ្មី។ មានដូចជាក្រសួងរ៉ែ និងថាមពល ក្រសួងអភិវឌ្ឍន៍ជនបទ និងទីតាំងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី២៩ ខែធ្នូ ដែលជាខួប២៣ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនោះ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ក្រសួងការពារជាតិ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ក្រសួងមហាផ្ទៃក៏កំពុងសាងសង់ ហើយអាចដាក់ឱ្យប្រើប្រាស់នាពេលខាងមុខជាមួយតម្លៃ៦០លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នជាដំណាក់កាលត្រូវសាងសង់កន្លែងធ្វើការរបស់មន្ត្រីរាជការ។ សមិទ្ធផលនេះ ក៏ជាបង្ហាញឱ្យឃើញការវិវឌ្ឍនៃសង្គមកម្ពុជា ដែលកាលពីអតីតកាលមិនមានទីតាំងសម្រាប់មន្ត្រីធ្វើការ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរលោកឧបនាយករដ្ឋមន្ត្រី ជា សុផារា សម្រាប់ការដឹកនាំកសាងអគារទីស្តីការក្រសួងនេះឡើង។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផែន នឹងពិភាក្សាលើការងារជាច្រើន មានទាំងទ្វេភាគី និងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រទេសផលិតប៉ារម៉ាណូ។

* សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឆ្លើយតបថា គ្មានដំណើរភ្ញៀវបរទេសណាមួយ មកកៀបសង្កត់កម្ពុជានោះឡើយ បើកៀបសង្កត់លើកម្ពុជាមិនបាច់មកទេ។

* សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឆ្លើយតបថា គ្មានដំណើរភ្ញៀវបរទេសណាមួយ មកកៀបសង្កត់កម្ពុជានោះឡើយ បើកៀបសង្កត់លើកម្ពុជាមិនបាច់មកទេ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ពីការមិនបានទទួលរដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលមកទស្សនកិច្ចនៅកម្ពុជាកាលពីខែមិថុនាផងដែរ។ សម្តេចតេជោ បញ្ជាក់ថា ការមិនជួបនាពេលនោះមិនមែនខ្លាចទេ គឺដោយសារជាប់ធ្វើចត្តាឡីស័ក។

* សម្តេចតេជោ មានប្រសាសន៍ថា ដំណើររដ្ឋមន្ត្រីការបរទេសអូស្ត្រាលី អាចនឹងមកពន្យល់ពីសម្ព័ន្ធភាពត្រីភាគី អាមេរិក អង់គ្លេស អូស្ត្រាលី (AUKUS)។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា និងអូស្ត្រាលី កំពុងមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងល្អ ហើយទំនាក់ទំនងពាណិជ្ជកម្មនឹងកាន់តែប្រសើរទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងចាអក្សរ៣ឃ្លាជាមួយការសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ចំណារ៣ឃ្លានោះរួមមាន៖

១៖ មានអគារលំបាកទៅហើយ តែការថែទាំអគារ ដើម្បីប្រើប្រាស់បានយូរអង្វែងក៏លំបាកដែរ។

២៖ បានកន្លែងធ្វើការល្អហើយ តែវានឹងកាន់តែល្អថែមទៀត បើធ្វើការងារកាន់តែមានប្រសិទ្ធភាព។

៣៖ សន្សំសំចៃភ្លើង និងទឹក។

* សម្តេចតេជោ បានមានប្រសាសន៍បើមានកន្លែងធ្វើការងារល្អ តែការងារមិនមានប្រសិទ្ធភាព ការងារមិនល្អ គឺស្មើសូន្យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកពីរឿងប្រតិបត្តិការសង្គ្រោះមនុស្សក្នុងហេតុការណ៍រលំអគារកាលពីឆ្នាំ២០១៩។ សម្តេចតេជោ បានថ្លែងថា សម្តេចតក់ស្លុតណាស់ចំពោះព្រឹត្តិការណ៍នោះ នៅពេលមិនមានថ្នាក់ជាតិចុះអន្តរាគមន៍។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្លៃអ្នកសង្គ្រោះ គឺស្ថិតនៅលើការសង្គ្រោះ ដោយមិនខ្វល់ពីជីវិតរបស់ខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយក្លាយជាប្រធានក្រុមប្រឹក្សារដ្ឋនៅឆ្នាំ១៩៨៥ ទើបសម្តេចស្នើបង្កើតអគ្គនាយកដ្ឋានសំណង់។ តែអគ្គនាយកដ្ឋាននោះ គិតគូរតែការរៀបចំសំណង់ អត់បានគិតគូររៀបចំដែនដីនោះឡើយ។ រហូតដល់ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ផ្នែកសំណង់ត្រូវបានបញ្ចូលក្រោមក្រសួងសាធារណការ។

* សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកវិភាគមួយចំនួនចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទៅដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed