ផ្សារធំកណ្ដាលក្រុងដាក់តូបលក់ទំនិញលើថ្នល់នាំឲ្យស្ទះចរាចរណ៍
ក្រុងបាត់ដំបង : ផ្លូវថ្នល់ខាងជើងឈៀងខាងលិចផ្សារណាត់ឬផ្សារក្រោមឬផ្សារធំក្រុងបាត់ដំបងដែលជាផ្សារមានវ័យចំណាស់ជាងគេត្រូវបានអាជីវករលក់ផ្លែឈើនិងលក់គ្រឿងសមុទ្រមួយចំនួនដាក់គ្រែលក់លើផ្លូវថ្នល់តែម្ដង ធ្វើឱ្យចរាចរណ៍នៅទីនោះស្ទះស្ទើររាល់ថ្ងៃ។សូមជម្រាបថាគេមិនមែនដាក់លក់លើកខឿនថ្នល់ទេគឺលើថ្នល់តែម្ដងហេតុធ្វើឱ្យផ្លូវថ្នល់កសាងពីជំនាន់បារាំងដែលមានទំហំតូចចង្អៀតស្រាប់កាន់តែពិបាកធ្វើដំណើរថែមទៀត។
បើសិនជាយើងធ្វើដំណើរកាត់ទីនោះត្រូវធ្វើដំណើរយឺតព្រោះផ្លូវចង្អៀតហើយត្រូវទ្រាំនិងក្លិនស្អុយរបស់គ្រឿងសមុទ្រជះមកប៉ះច្រមុះស្ទើរទ្រាំមិនបាន។
ទាក់ទិននឹងករណីនេះលោកផេងសិទ្ធីអភិបាលនៃគណៈអភិបាលក្រុងបាត់ដំបងបានបកស្រាយប្រាប់អ្នកយកព័ត៌មានយើងថា លោកក៏បានឃើញដែរនូវបញ្ហានេះ លោកនឹងរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អក្នុងពេលឆាប់ៗនេះ។
លោកអភិបាលក្រុងបានឲ្យដឹងទៀតថាពេលនេះដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្តបាត់ដំបងឲ្យរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារនានាក្នុងក្រុង លោកបាននិងកំពុងតែរៀបចំសណ្ដាប់ធ្នាប់នៅផ្សារបឹងឈូក ចប់ការងារពីផ្សារបឹងឈូករួចហើយក្រុមការងាររបស់លោកនឹងមករៀបចំនៅផ្សារណាត់នេះម្ដង។
មូលហេតុដែលនាំឲ្យមានអាជីវករផ្សារណាត់ដាក់តូបលក់លើថ្នល់បែបនេះព្រោះកាលសម័យកូវីដកំពុងរាតត្បាតខ្លាំងយើងបានឱ្យពួកគាត់ចេញមកលក់ខាងក្រៅ ប៉ុន្តែឥឡូវនេះក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដោយបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ការពារជូនប្រជាពលរដ្ឋយើងបានស្ទើរគ្រប់គ្នាអស់ហើយផងនិងវិធានការល្អរបស់សុខាភិបាលគឺ ៣កុំ៣ការពារផងធ្វើឱ្យស្ថានការណ៍កូវីត 19 បានធូរស្រាលជាងមុនច្រើនហើយប៉ុន្តែអាជីវករទាំងអស់នោះមិនព្រមចូលមកលក់នៅខាងក្នុងវិញទេគឺគាត់នៅតែដាក់លក់លើថ្នល់ដដែលដូច្នេះរដ្ឋបាលសាលាក្រុងនឹងមានវិធានការណែនាំពួកគាត់ដើម្បីរៀបចំសណ្ដាប់ធ្នាប់ឲ្យបានប្រសើរឡើងវិញនាពេលឆាប់ៗខាងមុខនេះ។
លោកអភិបាលក្រុងមានប្រសាសន៍ទៀតថាកន្លងមកខាងគណៈកម្មការផ្សារធ្លាប់បានដេញពួកគាត់ឲ្យចូលទៅលក់នៅខាងក្នុងវិញដែរតែពួកគាត់មិនព្រមហើយថែមទាំងជះចោលទំនិញដែលពួកគាត់គាត់កំពុងដាក់លក់ទៅលើថ្នល់ទៀតផង រូបភាពនេះត្រូវបានគេថតហើយនិយាយថាគណៈកម្មការផ្សារនិងអាជ្ញាធរធ្វើបាបអាជីវករទៀតផង។
សង្ឃឹមថាវិធានការសណ្ដាប់ធ្នាប់របស់រដ្ឋសាលាក្រុងនឹងទទួលបានជោគជ័យដើម្បីសុវត្ថិភាពចរាចរណ៍ផងនិងដើម្បីសោភ័ណភាពទីក្រុងស្អាតផង។
សូមរំលឹកថាឱ្យជំនាន់ឯកឧត្តមចាន់សុផលកាន់តំណែងជាអភិបាលខេត្ត ខេត្តបាត់ដំបងទទួលបានផ្ការំដួលបីទង ។អក្ខរា៤៥