ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់កង់មួយកន្លែង បំផ្លាញសម្ភារៈមួយចំនួន នៅខណ្ឌ៧មករា
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ យូ មួយហ៊ាង ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរលក់កង់គ្រប់ប្រភេទ ហើយចំពោះមូលហេតុ នៃការឆាបឆេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះផ្ទះ ដែលធ្វើពីថ្មបេតុង មានទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ខូចខាតសម្ភារៈឆេះគ្រឿងកង់ក្មេងប្រហែលជា ៣០% ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប, រថយន្តជំនួយមកផ្សារទំនើបអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង១និង០០នាទី យប់រំលងអាធ្រាត នាថ្ងៃដដែល៕