សមត្ថកិច្ចនគរបាលព្រះសីហនុ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន
ព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងដឹកនាំសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះមានជនសង្ស័យជាជនជាតិចិនសរុបចំនួន៦នាក់ ស្រីចំនួន១នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចសង្កាត់២ និងសង្កាត់៤ ក្រុង-ខេត្ដព្រះសីហនុ។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម៖ ១-ឈ្មោះ YANG KUN ភេទប្រុស អាយុ៣១ឆ្នាំ ២-ឈ្មោះ CHEN YONG ភេទប្រុស អាយុ៣៥ឆ្នាំ៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ៣៤ឆ្នាំ៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ២៩ឆ្នាំ៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ៤៩ឆ្នាំ៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ៣២ឆ្នាំ
សម្ភារៈវត្ថុតាងដកហូតបានរួមមាន៖ ១-ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម, ២-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម, ៣-ថ្នាំញៀន WY ២៨៧គ្រាប់, ៤-កញ្ឆាក្រៀម ចំនួន២កញ្ចប់តូច, ៥-ថ្នាំដបពណ៌មាស ចំនួន២ដប, ៦-ជញ្ជីងថ្លឹងថ្នាំ ចំនួន០១គ្រឿង, ៧-រថយន្ត ចំនួន០២គ្រឿង, ៨-ទូរស័ព្ទ ចំនួន១០គ្រឿង។
បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើ កម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕