ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំបន្តរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃនៅលើទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់ទំនាស់ បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ នៅលើទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ, លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ, លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ, លោក ស្វាយ ជា អភិបាល នៃគណៈអភិបាលស្រុកម៉ាឡៃ, សមាជិកគណៈកម្មាការដោះស្រាយបញ្ចប់ទំនាស់ និងភាគីពាក់ព័ន្ធ។ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់ទំនាស់ បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការធ្វើបទបង្ហាញជជែកឆ្លងឆ្លើយពិភាក្សារបស់ក្រុមការងារ និងភាគីពាក់ព័ន្ធទំនាស់ ក្នុងកិច្ចប្រជុំមួយព្រឹកនេះ បានធ្វើឱ្យក្រុមការងារទទួលបានធាតុចូលថ្មីៗបន្ថែមទៀត ដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅដោះស្រាយបញ្ចប់រឿងវិវាទរ៉ាំរ៉ៃមួយនេះក្នុងពេលឆាប់ៗខាងមុខជាស្ថាពរ៕





By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed