(ភ្នំពេញ)៖ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្ង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែល ក្រុមទី១ រហ័សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងទី២ ក្រុមរហ័សនាមផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាពប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកលេីផ្លូវសាធារណៈ ដោយប្រើ (ដំបង កាំបិតផ្គាក់ ដុំថ្ម )នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៣:៣០នាទីទៀបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថាក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល ២៥នាក់ ធ្លាប់ធ្វើសកម្មភាពកាប់គ្នា០១លើក នៅក្រោយសណ្ឋាគារ យូអេង ផ្លូវសហព័ន្ធរុស្សីក្នុងកំឡុង (ខែកញ្ញា) ឃាត់ខ្លួនបានចំនួន១៤នាក់នៅសេសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។
ដោយឡែកក្រុមទី២ មានឈ្មោះ (ផ្ទះឡ) មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន០២លើក។ ឃាត់ខ្លួនបានចំនួន០៤នាក់។នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។
មូលហេតុក្រុមទាំង០២មានអំពើហិង្សា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុមៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឲ្យក្រុមទី២ខឹងក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏មានការស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕