ភ្នំពេញ ៖ លោកនាយ​រង​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈ​​ពេល​រូបលោក​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ ត្រូវ​ជនសង្ស័យ​បាញ់​ត្រូវ​មួយ​គ្រាប់ ចំណែក​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បានចំនួន៣​នាក់​ផង​ដែរ ។

ហេតុការណ៍​ខាងលើនេះ​បង្ក​រការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង០៦​និង​៣០​នាទី​​យប់​ថ្ងៃ​ទី​២៨ ខែធ្នូ​ ឆ្នាំ​២០២២ ក្នុង​បុរី​​មួយកន្លែង​ ស្ថិត​ក្នុង​សង្កាត់​ព្រៃ​សរ៍ ខណ្ឌដង្កោ ​និង​ឃាត់​បាន​ជនសង្ស័យ​ចំនួន០៣​នាក់ នៅ​ចំនុច​ផ្លូវ​៦០​ម៉ែត្រ​កែង​៥០​ម៉ែត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ១រូបដែល​បាត់បង់ជីវិតក្នុងហេតុការណ៍​ខាងលើ​នោះមានឈ្មោះ ម៉ិច ឆាយ​ភី​វ័យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​មន្ត្រី​នគរបាល ឋានន្តរសក្ដិ វរសេនីយ៍ត្រី តួនាទី​នាយ​រង​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ (​ក​៩.ក៣)​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន អគ្គស្នងការ​នគរបាល​ជាតិ មានស្រុក​កំណើត​នៅ​ភូមិ​ពោធិ ឃុំ​ពោធិ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន (​ក​៩.ក៣)​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​មួយ​ក្រុម​ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន​ក្នុង​បុរី​​មួយកន្លែង​ នៅសង្កាត់​ព្រៃ​ស ។ ​ក្នុង​រង្វង់​ប្រតិបត្តិការ​ខាងលើនេះ​ ជនសង្ស័យ​បានដឹង​ខ្លួន​ទាន់ ក៍បាន​ទាញ​កាំភ្លើង​បាញ់​ស្រោច​មក​លើ​កងកម្លាំង​ ​បណ្ដាល​ឲ្យ​ត្រូវ​ចំ​​លោកនាយ​រង​ការិយាល័យ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់​ត្រង់​ករ ធ្វើ​អោយ​ដួល​ហូរ​ឈាម​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ តែ​ជា​អកុសល​ពេល​ដល់គ្លីនិក​ឯកជន ជន​រង​គ្រោះ​បាន​​បាត់បង់ជីវិត​​ទៅហើយ​ ។

ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​ដែរ​ បន្ទាប់​ពី​ជនសង្ស័យ​បាញ់​សមត្ថកិច្ច​រួច​ហើយ ក្រុម​ជនសង្ស័យ​បាន​បើករថយន្ត​ម៉ាក TOYOTA ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BG-0366 នាំ​បក្សពួក​រត់គេច រហូត​ដល់​ចំនុច​ផ្លូវ​៥០​ម៉ែត្រ​កែង​៦០​ម៉ែត្រ ​ខណ្ឌដង្កោ ក៏​ត្រូវ​កម្លាំង​សហការ​បោះដៃ​តាម​វិទ្យុទាក់ទង អោយ​សមត្ថកិច្ច​ខណ្ឌដង្កោ ដេញ​ឃាត់​រថយន្ដ​និង​ជនសង្ស័យ​បាន​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្រី​ម្នាក់ រួម​ទាំង​ដកហូត​រថយន្ត​មួយ​គ្រឿង​ហើយធ្វើការ​សួរនាំ​ដឹង​ថា ជន​ដៃដល់​ម្នាក់​ដែល​ជា​អ្នក​បាញ់​សមត្ថកិច្ច ជា​ជនបរទេស បាន​ចុះ​ពីលើ​រថយន្ត នៅ​ម្តុំ​វត្ត​ហារ រត់គេច​ខ្លួន​បាត់​តែ​ម្ដង ។

​តាម​ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​សាកសួរ​ សមត្ថកិច្ច​បាន​នាំ​ស្ត្រី​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់​បាន​ក្នុង​ចំណោម​៣​នាក់ យក​ទៅ​ខុន​ដូរ​មួយ​នៅ​ម្តុំ​ផ្លូវ ២៨៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​ឆែកឆេរ បន្ទប់​ក៍បាន​រក​ឃើញ វត្ថុ​តាង​មាន​កាំភ្លើង​ចំនួន​៣​ដើម និង​សំភារៈ​មួយ​ចំនួន​សង្ស័យ​ជា​ថ្នាំ​ញៀ.ន​ថែម​ទៀត រួច​ហើយក៍​នាំ​គ្នា​ខ្លួន​ជនសង្ស័យ​ទាំងអស់នោះ​ទៅ​ខាង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​ចាត់ការ​​តាមនីតិវិធី​ច្បាប់។

ទោះបីជា​យ៉ាង ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ ​សមត្ថកិច្ច រួម​ទាំង​កម្លាំង​អាវុធហត្ថ​នៅ​តែ​បន្ត​ឡោម​ព័ទ្ធ​កន្លែង​ជនសង្ស័យ​រត់គេច​ខ្លួន រហូត​ទល់​ភ្លឺ​ផង​ដែរ តែ​មិន​ទាន់​ឃាត់ខ្លួន​ជន​ដៃដល់​បាន​នៅឡើយ​ទេ ។

​បច្ចុប្បន្ន ​ស.ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​អោយ​សាច់ញាតិ​រៀបចំ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed