ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញសេចក្តីអំពាវនាវរបស់ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា«សូមចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងការផ្សព្វផ្សាយ»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឃើញអង្គភាពវិទ្យុបរទេសជាខេមរៈភាសា ផ្សាយអត្ថបទមួយក្រោមចំណងជើងថា «ព្រះមហាក្សត្រ នរោត្តម សីហមុនី ៖ ពីអតីតអ្នករាំរបាំបាឡេ ទៅជា ស្តេចក្បត់ជាតិ?» ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជាអត្ថបទទម្រង់ បទវិចារណកថា ដែលបានចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងឆ្លុះបញ្ចាំងទាំងស្រុងពីសារជាតិរបស់វិទ្យុ ដែលបានប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា យល់ឃើញថា ការផ្សាយបទវិចារណកថារបស់វិទ្យុ បានបំពានទាំងស្រុងលើរដ្ឋធម្មនុញ្ញ ដែលចែងពី «ព្រះមហាក្សត្រ មិនអាចនរណាបំពានបាន» ព្រមទាំងបានប្រាសចាកឆ្ងាយពីច្បាប់ស្តីពីរបបសារព័ត៌មាន និងបានប្រាសចាកទាំងស្រុងចេញគោលការណ៍វិជ្ជាជីវៈសារព័ត៌មាន។ អ្នកគ្រប់គ្រងវិទ្យុ ព្រមទាំងអ្នកផ្សាយផង មិនគួរធ្វើខ្លួនដូចជនក្បត់ជាតិបីជំនាន់ ដែលបាត់បង់ភាពជាមនុស្ស គ្មានសីលធម៌ និងមិនដឹងពីគុណតម្លៃ ហើយរំលោភបំពានក្រមសីលធម៌វិជ្ជាជីវៈខ្លួនឯងគួរឱ្យអៀនខ្មាសពន់ពេក។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថា អង្គព្រះមហាក្សត្រ គឺជានិមិត្តរូបនៃការឯកភាពជាតិ ដែលមានតម្លៃដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ជាតិនិងប្រជាជន ហើយព្រះអង្គក៏មិនលូកលាន់ក្នុងកិច្ចការនយោបាយទេ ដែលមិនគួរចាប់យកជាកម្មវត្ថុនៃការប្រមាថ និងវាយប្រហារចំពោះព្រះអង្គឡើយ។ សីលធម៌របស់អ្នកមិនគួរធ្លាក់ចុះទាបបែបនេះ តាមរបៀបពួក ប៉ុល ពត ទមិឡឥតសាសនា ដែលបានធ្វើរួចមកហើយចំពោះ ព្រះមហាក្សត្រ ញាតិវង្សានុវង្ស និងចំពោះប្រជាជាតិខ្លួនឯង។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមទាញការចាប់អារម្មណ៍ថា វិទ្យុបរទេសផ្សាយជាខេមរៈភាសា ក៏ដូចជាសារព័ត៌មាននានា មិនគួរណាបន្តប្រើប្រាស់សេរីភាព ដែលបម្រើមនោគមន៍វិជ្ជាអន់ទាប ផ្សាយប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមខ្លួនឯងយ៉ាងដូច្នេះទេ ដែលជាទង្វើខុសឆ្គង និងគួរតែមានភាពខ្មាសអៀន។ គេក៏មិនគួរបន្តប្រើប្រាស់សេរីភាពបែបឆ្កួតលេលា ព្យាយាមញែកខ្មែរឱ្យស្អប់ខ្ពើមគ្នាគ្មានទីបំផុតនោះឡើយ ហើយគួរតែមានការរលឹកដឹងជាប្រចាំថា «ភាសាប្រមាថ គឺជាចរិតនៃជនបាតសង្គម»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់សារព័ត៌មានទាំងអស់ បន្តប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានខ្ពស់ ដោយតម្កល់នូវគោលការណ៍គ្រឹះនៃការផ្សាយ៤យ៉ាង ដែលជាគុណតម្លៃដ៏ពិសិដ្ឋរបស់សារព័ត៌មានគឺ៖ «ការពិត សុចរិតភាព តុល្យភាព និងភាពអាចផ្ទៀងផ្ទាត់បាន»។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏សូមអំពាវនាវដល់សារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម សូមជៀសវាងឱ្យបាននូវការផ្សាយបែបប្រមាថ ញុះញង់ អុជអាល និងបំបែកបំបាក់សង្គមជាតិ ដែលជាការខាតបង់ធំធេង និងសូមលើកទឹកចិត្តដល់ទាំងអស់គ្នា បន្តបំពេញតួនាទីរួមចំណែកផ្សព្វផ្សាយឱ្យសង្គមបានយល់ដឹងប្រកបដោយការពិចារណាមានហេតុនិងផលសម្រាប់ជាមូលដ្ឋានសម្រេចចិត្តត្រឹមត្រូវ និងប្រកបដោយសេចក្តីថ្លៃថ្នូរ។
សូមសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គម បន្តចូលរួមបង្កបរិយាកាសឱ្យសង្គមកម្ពុជា មានការឯកភាពគ្នាខាងទស្សនៈ និងសាមគ្គីជាតិរឹងមាំ ដើម្បីកម្ពុជារួមគ្នាចាប់យកឱកាសថ្មីៗ បង្កើនសក្តានុពលកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕