នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោផងដែរ ដែលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តាមរយ:រដ្ឋមន្ត្រីការបរទេសអាស៊ានការគាំទ្របង្ហាញពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។
ដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់ និងងាកមករកការចរចាដោយសន្តិវិធីវិញ និងធ្វើជាសហស្ថាបនិកគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធនឹងការឈ្លានពានមកលើអ៊ុយក្រែន។
ឯកឧត្តមបានបន្តទៀតថា ឯកឧត្តមពិតជាមានក្តីរំភើប និងអបអរសាទរកម្ពុជាដែលកម្ពុជាកន្លងទៅបានឆ្លងកាត់សង្គ្រាមដរាំរៃជាច្រើន តែមកដល់ពេលនេះ កម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យ ដែលទាំងទាំងអស់នេះ ជាសេចក្តីប្រាថ្នារបស់ប្រជាជនអ៊ុយក្រែនចង់បាន។
ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខអំពីឯកឧត្តមប្រធានាធិបតី និងការសាទរថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា។សម្ដេចតេជោបានមានប្រសាសន៍បន្ថែមថា កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម ធ្លាប់ទទួលរងការឈ្លានពាន។
ដូច្នេះកម្ពុជាយល់ពីអារម្មណ៍របស់ប្រជាជនអ៊ុយក្រែន។ សម្តេចបន្តថា ជំហររបស់កម្ពុជាចំពោះសង្គ្រាមនៅអ៊ុយក្រែន គឺការប្រកាន់ភ្ជាប់ និងគោរពគោលការណ៍ដែលបានចែកក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។
កម្ពុជាប្រឆាំងនឹងការឈ្លានពាន ប្រឆាំងការគំរាមកំហែង ឬការប្រើប្រាស់ហិង្សាមកលើអធិបតេយ្យ និងមរណភាពដែនដីរបស់រដ្ឋឯករាជ្យនិងមិនគាំទ្រដល់ការបំបែករដ្ឋ ឬការទន្ទ្រានយកទឹកដីពីប្រទេសដទៃឡើយ។
ឆ្លៀតឱកាសនោះ សម្ដេចបានផ្ដាំផ្ញើនូវការសួរសុខទុក្ខដល់ពលរដ្ឋអ៊ុយក្រែនទាំងអស់ និងជូនពរឲ្យប្រជាជនអ៊ុយក្រែនទាំងអស់បានទទួលនូវសុខសន្តិភាព និងការអភិវឌ្ឍក្នុងពេលឆាប់ៗខាងមុខកុំបីខានឡើយ៕
https://www.rmn.asia