នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានចុះសួរសុខទុក្ខ និងនាំយកអំណោយរដ្ឋបាលខេត្តទៅចែកជូនដល់ប្រជាពលរដ្ឋដែលទទួលរង រងគ្រោះបាក់ច្រាំងទន្លេចំនួន ១៣ គ្រួសារ នៅឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។

មានប្រសាសន៍នាឱកាសនោះឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្ដីនឹករលឹក និងអាណិតអាសូរពន់ពេក។
ឯកឧត្តមបន្តថា សម្តេច តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ សម្ដេចថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាអនាម័យឱ្យបានល្អ ពិសេសអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាងនេះទៀត ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ-១៩ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី គឺ ៖ ៣ការពារ និង៣កុំ ឲ្យបានគ្រប់ៗគ្នា ។
អំណោយដែលរដ្ឋបាលខេត្តបានផ្ដល់ជូនក្នុង១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ និងបានឧបត្ថម្ភថវិកាក្នុង១គ្រួសារៗចំនួន ២០ម៉ឺនរៀល៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *