គណៈមេបញ្ជាការឯកភាពខេត្តសៀមរាប ដាក់បទបញ្ជារ និងផាកពិន័យចំពោះនាក់មិនពាក់ម៉ាស់ការពារ ក្នុងទឹកដីខេត្តសៀមរាប

ខេត្តសៀមរាប: នៅព្រឹកថ្ងៃទី ០៩ ខែមិថុនាឆ្នាំ ២០២១ នេះលោកពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានដឹកនាំកម្លាំងចម្រុះរបស់ខេត្តដែលមាន កម្លាំងសមត្ថកិច្ចនគរបាលកងរាជអាវុធហត្ថ និងក្រុមមន្ត្រីសុខាភិបាលចុះពិន័យទៅលើអាជីវករលក់ដូរដែលមិនពាក់ម៉ាស់និងពាក់មិនត្រឹមត្រូវនៅផ្សារលើធំថ្មីក្រុងសៀមរាប។
លោកពិន ប្រាកដ ថាមុននឹងចុះធ្វើការផាកពិន័យនេះអាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ ប៉ុន្តែអាជីវករនិងពលរដ្ឋមួយចំនួនតូច មិនអនុវត្តតាមសេចក្តីណែនាំនានា របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលនោះទេ ទើបពេលនេះអាជ្ញាធរខេត្តបានចុះអនុវត្តទៅតាមផ្លូវច្បាប់ ហើយបើតាមការសង្កេតឃើញថាមានអាជីវករ នឹងពលរដ្ឋប្រមាណ ០៥ ភាគរយប៉ុណ្ណោះដែលពួកគាត់មិនពាក់ម៉ាសនិងមិនអនុវត្តតាមច្បាប់។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថា នេះជាលើកទីមួយហើយសម្រាប់ការចុះផាកពិន័យចំពោះអ្នកដែលអត់ពាក់ម៉ាស់និងពាក់ម៉ាស់មិនត្រឹមត្រូវហើយអាជ្ញាធរ នឹងធ្វើការផាកពិន័យបន្តរទៀត ទៅលើអ្នកមិនអនុវត្តន៍តាមច្បាប់ និងជាការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលផងដែរ ។ ដូច្នេះ ក្នុងឱកាសនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាលនូវវិធានការ ៣ការពារនិង ៣កុំឱ្យបានគ្រប់គ្នាៗ ខណៈដែលខេត្តសៀមរាបមួយរយៈចុងក្រោយនេះ នឹងមានការរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ បានកើតមានច្រើនជាបន្តបន្ទាប់។
យោងតាមអនុក្រឹត្យ ស្ដីពីកាតព្វកិច្ចពាក់ម៉ាសតាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថាបុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាពិបាលបានណែនាំ និងត្រូវរងការផាកពិន័យពី ២០ ម៉ឺនរៀលទៅ ១ លានរៀលប្រសិនបើបុគ្គល នៅមិនធ្វើតាមការព្រមានលើកទី ១ ចំណែកអ្នករៀបចំកម្មវិធីអ្វីមួយដែលមិនគោរពទៅតាម ការគម្លាតសង្គមត្រូវរងការផាកពិន័យពី ១ លានទៅ ៥ លានរៀល ក្នុងករណីមិនធ្វើតាមការព្រមានលើកទី ១។
សូមបញ្ជាក់ថា ពាក់ព័ន្ធនិងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈគិតត្រឹមល្ងាចថ្ងៃទី ៨ខែមិថុនាឆ្នាំ ២០២១ នេះខេត្តសៀមរាបមានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ២៤៩ នាក់ក្នុងនោះមានព្យាបាលជាសះស្បើយចំនួន ៩០ នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចំនួន ១៥៧ នាក់និងស្លាប់អ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២ នាក់ដែលគាត់ទាំងពីរនាក់ ជាអ្នកជំងឺកម្រងនោមធ្ងន់ធ្ងរនិងរ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ១៩៕ស៊ាងហឿន

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed