មីយ៉ាន់ម៉ា ៖ ទាហានប្រជាជនប៉ះទង្គិចគ្នាជាមួយកម្លាំងទាហានរដ្ឋាភិបាល បណ្តាលឱ្យពលរដ្ឋ២០នាក់ស្លាប់

យ៉ាងហោចណាស់ក៏មានពលរដ្ឋ២០នាក់ដែរបានស្លាប់ក្នុងការប៉ះទង្គិចគ្នាជាទ្រង់ទ្រាយធំ ជាមួយកម្លាំងសន្តិសុខក្នុងតំបន់ខ្ពស់រាបដងទន្លេ Ayeyarwady កាលពីថ្ងៃទី៥ ខែមិថុនា។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការវាយប្រហារគ្នាកើតឡើង នៅក្នុងភូមិ Hlayswe ស្ថិតនៅក្នុងស្រុក Kyonpyaw មានចម្ងាយពីទីក្រុង Yangon ១៥០គីឡូម៉ែត្រ ។ តាមសារព័ត៌មាន Delta News បានផ្សាយថា ក្រៅពីពលរដ្ឋ២០នាក់ស្លាប់នៅមានពលរដ្ឋជាច្រើនទៀតរងរបួស។ កម្លាំងទាហានប្រជាជនបានប្រើប្រាស់កាំភ្លើង ស្នា ចម្ពាមកៅស៊ូ បាញ់ទៅលើកម្លាំងទាហានរដ្ឋាភិបាលដែលប៉ុនប៉ង់គ្រប់គ្រងទីនេះនិងស្វែងរកអាវុធ។
អង្គការសង្គមស៊ីវិលមីយ៉ាន់ម៉ាបានឱ្យដឹងថា មានពលរដ្ឋ៨៤៥នាក់ស្លាប់ចាប់តាំងពីផ្ទុះបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារនាថ្ងៃទី១ខែកុម្ភៈ។ កម្លាំងទាហាន ប៉ូលិស បានប្រើវិធានការក្តៅ ដើម្បីបំបែកក្រុមបាតុករ ដោយបាញ់គ្រាប់កាំភ្លើងពិត។
នៅក្នុងព្រិឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ មេធាវីរបស់មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវយោធាទម្លាក់ពីអំណាច គឺលោកស្រី អោង សាន ស៊ូជី បានឱ្យដឹងថា សវនាការជំនុំជម្រះក្តីរបស់លោកស្រីស៊ូជី នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះហើយ។
ចាប់តាំងពីត្រូវយោធាទម្លាក់ពីអំណាច និងចាប់ខ្លួន កាលពីដើមខែកុម្ភៈកន្លងទៅ លោកស្រី ស៊ូជី បានរងការចោទប្រកាន់ជាច្រើនករណី រួមមានការល្មើសវិធានការការពារជំងឺ COVID-19, ការកាន់ឧបករណ៍ទាក់ទងដោយគ្មានការអនុញ្ញាត, អំពើពុករលួយ និងការបំពានច្បាប់ការពារកិច្ចការសម្ងាត់ជាតិជាដើម។ លោក មីន មីន ស៊ឺ (Min Min Soe) មេធាវីលោកស្រី ស៊ូជី នៅថ្ងៃចន្ទនេះបានប្រាប់ថា សវនាការខាងលើនឹងរៀបចំឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ដោយមានការចូលផ្តល់សក្ខីកម្មពីដើមបណ្តឹង និងសាក្សី។
បើតាមតាមការបញ្ជាក់ពីមេធាវីលោកស្រី ស៊ូជីឱ្យដឹងទៀតថា លោកបានជួបមុខលោកស្រីតែពីរលើកប៉ុណ្ណោះ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រីនៅក្នុងផ្ទះ ក្រោយរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ ជាមួយគ្នានេះ យោធាមីយ៉ាន់ម៉ាក៏បានគំរាមរំលាយ គណបក្សនយោបាយរបស់លោកស្រី ដែលទទួលជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០២០ផងដែរ ក្រោមការចោទប្រកាន់រឿងបន្លំសន្លឹកឆ្នោត៕ដោយ៖ធីរីណា

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *