វាំងននខ្មៅស្ដីពីរឿងនាំជ្រូកចូលផ្ដាច់មុខត្រូវបានវែកមុខឲ្យដឹងការពិតហើយ

ខេត្តបន្ទាយមានជ័យ : ថ្មីៗនេះឯ.ឧវេងសុខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រម៉ាញ់និងនេសាទបានចេញប្រកាសមួយបកស្រាយថា​ ក្រសួងពុំដែលធ្លាប់បានចេញច្បាប់ឲ្យក្រុមហ៊ុនណាមួយទទួលសិទ្ធិផ្ដាច់មុខលេីការនាំជ្រូករស់ចូលនោះទេ។
នៅក្នុងការប្រកាស​ព័ត៌មាន​កាលពីថ្ងៃទី18កក្កដាឆ្នាំ2021អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងរុក្ខាប្រម៉ាញ់និងនេសាទបានលេីកឡេីងថាក្រសួងមិនដែលបានប្រគល់សិទ្ធិផ្ដាច់មុខការនាំចូលជ្រូករស់ឲ្យទៅក្រុមហ៊ុនណាមួយនោះឡេីយ។ ប្រភពដដែលបានគូសបញ្ជាក់ថា​ ដោយសារប្រទេសជិតខាងយេីងកំពុងរងវិបត្តិនៃការរីកដុះដាលជម្ងឺកូវីតយ៉ាងខ្លាំងក្លាបណ្ដាលឲ្យបាត់បង់ទីផ្សារក្នុងស្រុករបស់ខ្លួនធ្វេីឲ្យមានការកកស្ទះផលិតផលសត្វរបស់ខ្លួន​ទន្ទឹម​នឹងនោះ ក៏មានឈ្មួញខិលខូចមួយចំនួនបានប្រេីប្រាស់កលល្បិចគ្រប់បែបយ៉ាងដេីម្បីនាំយកផលិតផលកកស្ទះពីស្រុកគេមកចាក់នៅកម្ពុជា​ ដោយមិនបានគិតពីការប៉ះពាល់ដល់សុខភាពការខាតបង់របស់អ្នកវិនិយោគនៅកម្ពុជានិងពីសុខភាពសាធារណជនឡេីយ។ ថ្វីត្បិតតែប្រទេសយេីងបានរងផលប៉ះពាល់ពីរោគកូវីតក៏ដោយយេីងអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានដល់ទៅ85%ដែលអាចតម្រូវការទីផ្សារមិនមានបញ្ហាចោទឡេីយ។
ទាក់ទងនឹងរឿងនាំជ្រូករស់ចូលនេះ​ នៅខេត្ត​បន្ទាយ​មានជ័យ​ឯណោះវិញមានមេឈ្មួញជាទាហានពាក់សក្កិ4ចំណុះសឹករងខេត្តម្នាក់ឈ្មោះលោកញឹមប៉ក់តែងចេញមុខដឹកជ្រូករស់ចូលម្ដងៗរាប់រយក្បាលដឹកទាំងឡានៗដោយពុំមានការត្រួតពិនិត្យសុខភាពសត្វឡេីយព្រោះគេនាំចូលតែពេលយប់តាមច្រករបៀងនានាក្នុងស្រុកអូរជ្រៅ​ ស្រុកថ្មពួក​ ស្រុកម៉ាឡៃជាដេីម​ ដោយសំអាងថាក្រុមហ៊ុនគេមានច្បាប់។
ដោយឡែកបេីមានប្រជាពលរដ្ឋឬអាជីវករតូចតាចណាដឹកជ្រូករស់ត្រឹមពីរបីក្បាលតាមម៉ូតូក្ដីតាមរថយន្តក្ដី​ តែងតែមានទាហានជាកូនចៅលោកប៉ក់ចេញមកចាប់បញ្ជូនទៅពេទ្យសត្វខេត្តដេីម្បីបូមឈាមយកទៅពិនិត្យរកជ្ងឺប៉េស្តជ្រូកអាហ្វ្រិកដល់ក្រសួង​ ទម្រាំបានមកវិញត្រូវរងការបង់ពិន័យផង​ជ្រូកងាប់អស់ខ្លះផង​ ធ្វេីឲ្យម្នាក់ៗទទួលរងការខាតបង់ថវិកា​ រហូតមានអ្នកខ្លះជំពាក់ប្រាក់គេវ័ណ្ឌករដល់សព្វថ្ងៃដោះបំណុលមិនទាន់រួចផងព្រោះតែបាត់អាជីព។ មានអ្នកខ្លះដល់ថ្នាក់លក់ដីស្រែ​កេរ្តិ៍​ម៉ែឪយកលុយសងគេហេីយនៅតែមិនទាន់អស់បំណុលទៀត។ ពួកអ្នករងគ្រោះព្រោះរបរជ្រូកផ្ដាច់មុខរបស់លោកប៉ក់ទាំងអស់គ្នានោះគាត់មានបំណងប្រាថ្នាចង់បានអាជីពចាស់គាត់មកវិញដេីម្បីទ្រទ្រង់ជីវភាពដែលកំពុងត្រដាបត្រដួសក្នុងសម័យកូវីតនេះ។ ហេតុនេះសូមថ្នាក់ដឹកនាំខាងលេីដែលពាក់ព័ន្ធមេត្តាជួយពួកគាត់ផង​ បេីមិនដូច្នោះទេពួកគាត់ធ្វេីចំណាកស្រុកទៅសុីឈ្នួលធ្វេីការឲ្យប្រទេសជិតខាងអស់ហេីយ។ (អក្ខរា០២)

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed