អំណោយស្បៀងអាហារពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ខេត្តប៉ៃលិន ចំនួន ១២៥គ្រួសារ

ខេត្តប៉ៃលិន៖ រសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន សសយក ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាមកឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងតំបន់បិទខ្ទប់ រយៈពេល១៤ថ្ងៃ ចំនួន ១២៥គ្រួសារ ស្ថិតនៅឃុំស្ទឹងកាច់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ នាឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោកជំទាវ បាន ស្រីមុំ ក៍បាននាំមកនូវប្រសាសន៍ផ្ដាំ ផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។ ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូពីសុខទុក្ខរបស់ ប្រជា ពល រដ្ឋ ងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះ មហន្តរាយ និងឧបទ្ទេហេតុផ្សេងៗ នៅទូទាំងប្រទេស គ្រប់ ពេល វេលា ដោយមិនមាន ការរើស អើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេស មិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយ អត់បាយ មិនបានដឹង និងមិនបានជួយដោះ ស្រាយ នោះទេ។ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ ជាក់ស្តែងកន្លងមក សាខាកាក បាទ ក្រហម កម្ពុជាខេត្តប៉ៃលិនបានជម្រុញគ្រប់សកម្មភាព ការងារ មនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និង មាន ប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ភ្ជាប់ នូវគោលការណ៍ គ្រឹះទាំង ០៧ប្រកា របស់ចលនាកាកបាទ ក្រហម កម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះ ជនរង គ្រោះនិងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ ជា សម្ភារៈ គ្រឿងឧបភោគបរិភោគ និងថវិកាមួយ ចំនួន ដល់ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទេវហេតុ ផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះ អគ្គីភ័យ គ្រោះ ថ្នាក់ ចរាចរណ៍ ពលរដ្ឋមានជីវភាព ខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយ មេរោគ អេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសព ខ្វះខាត ជាដើមជាពិសេសបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ–១៩ ហើយជាក់ស្តែងនាពេលនេះ បើទោះបីជាអំណោយស្បៀងទាំងនេះមិនបាន បំពេញតាមតំរូវ ការ របស់បងប្អូនក៍ពិតមែន តែក៍អាចដោះស្រាយបានមួយកំរិតផងដែរ ក្នុងកាលទេសៈនៃការបិទខ្ទប់ រយៈពេល១៤ថ្ងៃនេះ។ នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពល រដ្ឋ ទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវ រក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេក ក្នុងមុងជានិច្ច ដើម្បី ជៀស វាងការកើតមានជំងឺ តម្កាត់ផ្សេងៗ ជាពិសេសជម្ងឺកូវីត–១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការពារការឆ្លងរីករាលដាល នៃជំងឺ កូវីដ–១៩ នៅក្នុងសហគមន៍ ហើយត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣ការពារ ៣កុំ ក្នុងនោះបើបងប្អូនមានបញ្ហាសុខភាព ឬករណីសង្ស័យ សូមប្រញ៉ាប់ប្រញាល់ រាយការណ៍មកអាជ្ញាធរមូលដ្ឋាន ដើម្បីអោយក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យសុខភាព ឬធ្វើសំណាក និងទទួលការព្យាបាលបានទាន់ពេលវេលា។ ជាការឆ្លើយតប ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ បានសម្តែងនូវទឹកចិត្តរំភើប និងសប្បាយរីករាយឥតឧបមា ចំពោះសម្តេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ ជាប្រធានសាខា ដែលបានចុះជួយសម្រាលទុក្ខលំបាករបស់ពួកគាត់បានទាន់ពេលវេលា ហើយ សូមជូនពរ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែ រក្សា ផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លានិង ទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ព្រមទាំងបានសមប្រកបដោយពុទ្ធពរដ៏ ប្រសើរថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុវណ្ណៈសុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា៖ ស្បៀងអាហារដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅតំបន់បិទខ្ទប់ ចំនួន ១២៥គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ មី ២កេស ពងទា ១ ថាស និងទឹកបរិសុទ្ធ ១កេស ហើយទន្ទឹមនឹងនេះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានរៀបចំជាកញ្ចប់អាហារក្នុងមួយថ្ងៃ ២ពេលគឺពេលព្រឹក និងពេលល្ងាច ចំនួន ៥០០ប្រអប់ និងទឹកបរិសុទ្ធ ដើម្បីចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត កម្មករ អ្នករត់ម៉ូតូឌុប តាក់ស៊ី ដោយឥតគិតថ្លៃ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed