ដឹងច្បាស់ហើយ មូលហេតុនៃការឆេះឃ្លាំងរថយន្តក្រុងក្រុមហ៊ុន «វិរៈប៊ុនថាំ» នៅខណ្ឌជ្រោយចង្វារ និងមនុស្សស្លាប់ម្នាក់
RMN.ASIA.2/8/2021
រាជធានីភ្នំពេញ ៖ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំមន្ត្រីជំនាញ មាន លោកនាយរងការិយាល័យ ចុះទៅធ្វើការស្រាវជ្រាវលើករណីអគ្គិភ័យឆាបឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១នេះ ដោយនៅក្នុងហេតុការណ៍មួយនេះ បានបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងរថយន្តក្រុង ២៣គ្រឿង ត្រូវអគ្គិភ័យឆេះបំផ្លាញ សរុបគិតជាទឹកប្រាក់ ១,៥លានដុល្លារ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដើមចមនៃការឆេះរហូតដល់មានមនុស្សស្លាប់ គឺបណ្តាលមកពីការឆ្លង ចរន្តិអគ្គិសនី។
លោកវរសេនីយ៍ឯក នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ បានបន្តថា ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍ខាងលើនេះ មានឈ្មោះ លឹម ចន្ធរិទ្ធ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ អតីតបុគ្គលិក ក្រុមហ៊ុន «វិរៈប៊ុនថាំ» ដែលមានស្រុកកំណើតនៅភូមិស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត។
គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ ដោយមានករណីអគ្គិភ័យឆាបឆេះឃ្លាំងទុករថយន្តក្រុងរបស់ក្រុមហ៊ុនដឹកជញ្ជូន «វិរៈប៊ុនថាំ» ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក្នុងហេតុការណ៍នេះ មិនបណ្តលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយសម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដ៣៥គ្រឿង ដោយប្រើប្រាស់ទឹកអស់៩១ឡាន។
ក្នុងនោះរួមមាន ៖ រថយន្តការិយាល័យអគ្គិភ័យចំនួន២១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៣ឡាន ស្មេីនឹង២៥០ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម ៖ រថយន្តក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន សើ្មនឹង២៤ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២០ឡាន សើ្មនឹង៨០ម៉ែត្រគូប និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡានសើ្មនឹង១៦ម៉ែត្រគូប៕