ផ្ទះទី ១៩៥ខ្នងត្រូវបានផ្តល់ជូនគ្រួសារអតីតយុទ្ធជនពិការ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន.សែន នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ : នៅ ថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០២១ លោកអនុសេនីយ៍ ទោ សោម ស៊ី អាយុ ៦៧ ឆ្នាំបានទទួលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ ១៩៧៩ នៅអង្គភាពយោធាស្រុកសន្ទុកខេត្តកំពង់ធំហើយបានត្រូវរបួសពិការនៅឆ្នាំ ១៩៩១ ក្នុងសមរភូមិបឹងខ្វែក ឃុំព្នៅស្រុកសន្ទុក ខេត្តកំពង់ធំ។ ភរិយារបស់លោកឈ្មោះ ហួត ឆេន អាយុ ៦២ ឆ្នាំមានកូននៅក្នុងបន្ទុកចំនួន ៣នាក់បានសុំជ្រកកោនជាមួយផ្ទះបងប្អូនដោយគ្មានលទ្ធភាពក្នុងការសាងសង់ផ្ទះនៅលើដីដែលគាត់មានដោយខ្លួនឯងបាន។
ក្រុមការងារនៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំសម្រេចសង់ផ្ទះថ្មីខ្នងទី ១៩៥ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន.សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ជូនគាត់ដែលមានទំហំបណ្ដោយ ៦ ទទឹង ៤ ម៉ែត្រសាងសង់ផុតពីដីសរសរបេតុងឆ្អឹងដែក រនាបក្តាតំបូប្រក់ស័ង្កសី កិនភ្លីនិងជណ្តើរកាច់។
ជាក់ស្ដែងព្រឹកថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២១លោកឧត្តមសេនីយ៍ទោ សោម.ស៊ុនប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំ សហការីរួមជាមួយអាជ្ញាធរដែនដីបានទៅប្រគាល់ផ្ទះខ្នងទី ១៩៥ ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាសម្ដេចគតិ្តព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន.សែនតាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់.គីមអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាជូនអតីតយុទ្ធជនពិការនៅភូមិ សង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោសោម ស៊ុនបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ព្រោះអតីតយុទ្ធជនយើងបានរួមចំណែកយ៉ាងធំធេងជាមួយសម្ដេចតេជោក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះដើម្បីធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។
ក្រុមគ្រួសារអតីតយុទ្ធជនពិការបាន ថ្លែងអំណរអរគុណ ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោហ៊ុន សែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំផងដែរ ៕