ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបា្ររព្ធពីធី ដុតកម្ទេចកាំភ្លើងកែច្នៃ១៤០ដើម ដែលដកហូតពីពលរដ្ឋប្រព្រឹត្តបទល្មើសកន្លងមក
ខេត្តបន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី 6 ខែ សីហា ឆ្នាំ 2021 នេះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីធ្វើការដុតកម្ទេចកាំភ្លើងកែឆ្នៃជាង140 ដើម ដែលកាំភ្លើងទាំងនេះ គឺដកហូតបានជាបន្តបន្ទាប់ពីអ្នកល្មើសច្បាប់។លោកឧត្តមសេនីត្រី ប៊ុន ផេង ស្នងការរងទទួលការងារអាវុធជាតិផ្ទុះនិងអគ្គីភ័យបានថ្លែងថា កាំភ្លើងដែលបានដុតចោលថ្ងៃនេះ គឺជាកាំភ្លើងកែច្នៃពីឈើ មានដូចជាបាញ់គ្រាប់កិប ខ្លះប្រើខ្យល់បាញ់គ្រាប់កង់ និងកាំភ្លើងស្នាកេះ មានចំនួនសរុប140 ដើម។ កំាភ្លើងទាំងនេះគឺបានប្រមូលពីប្រជាពលរដ្ឋទាំង 9 ស្រុក/ក្រុងក្នុងខេត្ត ដែលប្រព្រឹត្តបទល្មើសនិងអ្នករក្សាទុកដើម្បីបាញ់កណ្ដុរ សត្វផ្សេងៗ តាំងពីឆ្នាំ2017 ជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដុតកម្ទេចកាំភ្លើងកែឆ្នៃថ្ងៃនេះ គឺជាការរួមចំណែកធ្វើយ៉ាងណាឱ្យភូមិឃុំមានសុវត្ថិភាព គ្មានបទល្មើស លួចឆក់ ប្លន់ និងអំពើល្មើសច្បាប់ផ្សេងៗ នៅក្នុងមូលដ្ឋានជូនពលរដ្ឋនិងសង្គម។លោកស្នងការ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងឡាយ បើមានការច្នៃផលិតឬរក្សាទុកកាំភ្លើងកែឆ្នៃនិងគ្រាប់យុទ្ធភណ្ឌផ្សេងៗ ត្រូវសហការណ៍និងប្រគល់ជូនសមត្ថកិច្ច បើ ក្នុងករណីរកឃើញថាមានបទល្មើសនឹងត្រូវផ្ដន្ទាទោសតាមច្បាប់៕