ព័ត៌មានបន្ថែម! គ្រោះថ្នាក់ចរាចរណ៍ រវាងរថភ្លើងនិងរថយន្ត ស្រុកព្រៃនប់ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ

ស្រុកព្រៃនប់ : ទាក់ទងដល់គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងនិងរថយន្តនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ បណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ បច្ចុប្បន្នសមត្ថកិច្ច ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានឃាត់ខ្លួនអ្នកបើកបររថភ្លើងជាបណ្តោះអាសន្ននាំមកសាកសួរតាមនិតិវិធី។ បើតាមសមត្ថកិច្ចប្រាប់ថា ក្រោយបុកប៉ះរថយន្តឆ្លងផ្លូវជាតិលេខ៤រួច រថភ្លើងបានបន្តដំណើរទៅដល់ស្ថានីយ៍វាលរេញ ទើបអាជ្ញាធរនិងសមត្ថកិច្ចឃាត់បាននៅស្ថានីយ៍រណបនោះ ។

ប្រភពពីសមត្ថកិច្ចថា ការឈានដល់ឃាត់ខ្លួនអ្នកបើកបររថភ្លើងជាបណ្តោះអាសន្ន ដើម្បីស្រាវជ្រាវបន្ត រកដើមហេតុ រវាងអ្នកបើកបររថភ្លើងនិងអ្នកបើក បិទបារ៉ាស់កន្លែងផ្លូវរថភ្លើងឆ្លងកាត់ ដោយសារថា ពេលរថភ្លើងបើកឆ្លងផ្លូវជាតិលេខ៤ មិនមានបិទបារ៉ាសទេ ។

សុំបញ្ជាក់ថា ហេតុការណ៍រថភ្លើងបុករថយន្ត កើតឡើង នៅវេលាម៉ោង០៦ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ជិតប្រជុំជនផ្សារវាលរេញ ក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលអោយ អ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្តដឹកកម្មករ ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ក្រោយមកបានស្លាប់៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed