ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បើកការស៊ើបសួរលើអ្នកជំនួញហាយសូរម្នាក់ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ឆបោ.ក)» ទៅលើទឹកប្រាក់រាប់សែនដុល្លារ ។ ក្រោយពីសាកសួរអស់រយៈពេលច្រើនម៉ោង ក៏ផុតម៉ោងការងាររដ្ឋបាល តំណាងអយ្យការបានផ្ញើជនសង្ស័យទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យនាំមកសាកសួរនៅថ្ងៃបន្តបន្ទាប់ទៀត ។

ជនសង្ស័យមានឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ស្ត្រីជាអ្នកជំនួញហាយសូររូបនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះទៅឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរីវរជន ស្ថិតនៅកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ស្ត្រីអ្នកជំនួញល្បីខាងឆបោ.កមនុស្សជាច្រើននាក់ដែលមានទំហំទឹកប្រាក់រាប់លានដុល្លារអាមេរិក ហើយការឃាត់ខ្លួននោះ គឺធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្ត និងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង។

នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា កម្លាំងកងអាវុធហត្ថបានដឹកអ្នកជំនួញហាយសូរ តាមរថយន្តមួយគ្រឿងបំពាក់ដោយសារ៉ែន ចូលដល់ក្នុងបរិវេណសាលាដំបូងរាជធានីភ្នំពេញតែម្តង ដោយមិនបានដាក់ឲ្យចុះដើរពីក្រៅដូចជនសង្ស័យពាក់ព័ន្ធលួច ឆក់ ប្លន់ ឬគ្រឿងញៀននោះទេ ដែលតាមអ្នកខ្លះនិយាយថា ជនសង្ស័យរូបនេះ ជាអ្នកមានធនធាន ចង់ទិញយក្សជិះលេងក៏បានដែរ។

នៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនជនសង្ស័យទៅដល់ គេក៏បានសង្កេតឃើញមេធាវីការពារក្តីឲ្យដើមបណ្តឹងចំនួន២ទៅ៣នាក់ ដោយអ្នកខ្លះកាន់ពាក្យបណ្តឹងដើម្បីដាក់ចូលបន្ថែម ខ្លះទៀតកាន់ដីកាបញ្ជាឲ្យចូលខ្លួន ដែលតំណាងអយ្យការទើបនឹងចេញថ្មីៗ តាមឃ្លាំមើលចំណាត់ការរបស់អយ្យការក្នុងដំណាក់ការស៊ើបសួរ។

បើតាមមេធាវីចំនួន២ទៅ៣នាក់ បាននិយាយថា សំណុំរឿងស្ត្រីអ្នកជំនួញហាយសូរ(ពេជ្រ ស្រីមុំ) មាន៥ករណី សុទ្ធតែរឿងព្រហ្មទណ្ឌ ឆបោ.ក ចេញមូលប្បទានប័តអត់សាច់ប្រាក់ (ស្អែកស្អុយ) រាប់លានដុល្លារអាមេរិក ហើយសំណុំរឿងនីមួយៗមិនស្ថិតនៅព្រះរាជអាជ្ញា ឬព្រះរាជអាជ្ញារងណាម្នាក់នោះទេ គឺមានព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង៤នាក់កាន់រឿងក្តីផ្សេងៗគ្នា ដែលការស៊ើបសួរ និងត្រូវចំណាយពេលសួរបន្តបន្ទាប់គ្នាដែរ។

គួរបញ្ជាក់ថា អ្នកជំនួញហាយសូរ (ពេជ ស្រីមុំ) រូបនេះ មិនមែនសមត្ថកិច្ចទើបនឹងចាប់ខ្លួនមួយករណីនោះទេ គឺចាប់ខ្លួន៣លើកមកហើយ ៖
លើកទី១- ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ៧៧៦.០០០ ដុល្លារអាមេរិក តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរពាណិជ្ជករ។
លើកទី២- ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ) ដដែល ។
លើកទី៣- ពាក់ពន្ធ័ពីបទ.ឆបោកលើទឹកប្រាក់ប្រមាណ ៩៣៤ ៩៦០ ដុល្លារអាមេរិក ដែលជនសង្ស័យបានប្រើប្រាស់មូលប្បទានប័តអត់សាច់ប្រាក់ចំនួន៩សន្លឹក ជាសែកស្អុយទាំងអស់។

សូមជួយតាមដានតទៅទៀត និងរង់ចាំមើលលើកនេះ តើស្ត្រីជំនួញហាយសូរ ពេជ្រ ស្រីមុំ រូបនេះ នឹងមានវាសនាបែបណា?៕
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed