ភ្នំពេញ ៖ ចាប់ផ្តើមធ្វើពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាលើកចុងក្រោយដើម្បីពិនិត្យលើវឌ្ឍនភាពនៃការរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសោភណភាពបរិស្ថាន របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី៧ខែវិច្ឆិកានេះ មុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធមួយចំនួនទៀត ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល និងជាប្រធានគណៈបញ្ជាការ ឯកភាពរាជធានីភ្នំពេញបានថ្លែងថា សុំលោកលោកស្រីយកស្មារតីនៃកិច្ចប្រជុំ កន្លងមកមកអនុវត្តឱ្យទទួលបានជោគជ័យលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អសំរាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលោកទី៤០និងលើកទី៤១ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខនេះឱ្យបានជោគជ័យជាដាច់ខាតដូចយើងធ្លាប់បានទទួលជោគជ័យរួចមកហើយកាលពីកម្ពុជាធ្វើជាប្រធានអាស៊ានកាលពីឆ្នាំ២០១២។
លោកអភិបាលបានណែនាំឱ្យអស់លោក លោកស្រីជាអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញពិនិត្យមើលទីតាំងអាជីវកម្មណាដែលអាចបង្កឱ្យមានហានិភ័យក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីជូនដំណឹងឱ្យពួកគាត់ផ្អាកអាជីវកម្មជាបណ្តោះអាសន្នសិនក្នុងអំឡុងកិច្ចប្រជុំអាស៊ាននេះព្រោះនេះជាមុខមាត់និងជាកិត្តិយសប្រទេសជាតិយើងធំធេងណាស់។
លោកអភិបាលលើកឡើងថា៖ ដងវិថីសំខាន់ៗដែលប្រតិភូត្រូវធ្វើដំណើរឆ្លងកាត់ ពិសេសមហាវិថីសហពន្ធ័រុស្ស៊ី រាល់ស្ថានីយប្រេងឥន្ទនៈ ទីតាំងលក់រថយន្ត,ការដ្ឋានសំណង់ផ្សេងៗត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន ,ទីតាំងKTV,ក្លិបកម្សាន្ត ទីតាំងផ្ញើម៉ូតូ.ឡានឬចតតាមចិញ្ចើមថ្នល់ត្រូវបានហាមមិនឱ្យមានឡើយ។ចំណែកសណ្តាប់ធ្នាប់តាមដងទន្លេមានដាយត្រី,បែត្រី, កប៉ាល់ កាណូតទេសចរណ៏ឬទូក។
នេសាទ ក៏ត្រូវបានហាមឃាត់មិនឱ្យមានការបើកបរឆ្លងកាត់ ឬបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះដែរ។ចំពោះភ្ញៀវដែលមកស្នាក់នៅតាមសណ្ឋាគារ,ផ្ទះសំណាក់ម្ចាស់ទីតាំងត្រូវផ្តល់កិច្ចសហការឱ្យបានច្បាស់លាស់ជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដីតាមរយៈការកំណត់អត្តសញ្ញាណភ្ញៀវដែលចូលស្នាក់នៅក្នុងសណ្ឋាគារ ឬផ្ទះសំណាក់របស់ខ្លួនរួមទាំងផ្តល់បញ្ជីឈ្មោះជាប្រចាំថ្ងៃដល់អាជ្ញាធរ។
លោកឃួង ស្រេង បានសង្កត់ធ្ងន់ថា៖អំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាននេះ គឺមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំណាមួយនៅកន្លែងភ្ញៀវស្នាក់នៅឬរំខានដល់ក្បួនប្រតិភូឆ្លងកាត់ក៏ដូចជាការតវ៉ាផ្សេងៗគឺមិនអនុញ្ញាតឱ្យមានជាដាច់ខាត។ លោកបញ្ជាក់ថា៖ យើងបន្តរួមគ្នាធ្វើការងារដែលនៅសេសសល់ ពិសេសការការពារសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុតដោយសហការជាមួយកម្លាំងថ្នាក់ជាតិគ្រប់ជំនាញ។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានប្តូរវេនឆ្នាំ២០២២នេះនឹងចាប់ដំណើរការពីថ្ងៃទី១០ដល់ទី១៣វិច្ឆិកា ឆ្នាំ២០២២មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលចំនួន២៨ប្រទេសរួមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតចូលរួមព្រមទាំងដៃគូសន្ទនាជាច្រើនទៀត។ ជាមួយគ្នានេះដែរ លោកឃួង ស្រេង ក៏បានអំពាវនាវឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទៅលើការរួមចំណែកទុកដាក់សំរាម កាកសំណល់ផ្សេងៗឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយតាមលំនៅឋានរៀងៗខ្លួន រួមទាំងការដោតទង់ជាតិឱ្យបានគ្រប់លំនៅឋានផងដែរ ៕
https://www.rmn.asia