ខេត្តកណ្តាល : នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធី «ចុះកិច្ចសន្យាព្រមព្រៀង សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍស្រុកកោះធំ និងក្រុងសំពៅពូន នៃខេត្តកណ្ដាល» ពិធីចុះកិច្ចសន្យាព្រមព្រៀងនាពេលនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ខ្លូត រតនា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេធី ឆាយណា អេស៊ា ហ្គ្រីន ស៊ីធី អ៊ិនវេសម៉ិន ឯ.ក. និងប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ផេស៊ីហ្វិក អ៊ិនធើណេ សិនណល ខនស្រ្តាក់សិន (ខេមបូឌា) ឯ.ក.។
“ពិធីចុះកិច្ចសន្យាព្រមព្រៀង សម្រាប់កិច្ចសហប្រតិបត្តិការលើគម្រោងសាង សង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អភិវឌ្ឍស្រុកកោះធំ និងក្រុងសំពៅពូន ខេត្តកណ្តាល នាពេលនេះ គឺស្ថិតនៅក្នុងរបៀបវារៈនៃការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព”។
ពិធីចុះកិច្ចសន្យាព្រមព្រៀង នេះដែរបានប្រព្រឹត្តទៅក្រោមម្លប់នៃសុខសន្តិភាព ដែលយើងទទួលបាន យ៉ាងពេញបរិបូរណ៍ ក្រោមការដឹកនាំរបស់ស្ថាបនិកអគ្គមគ្គុទេសឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន !
«ខេត្តកណ្តាល គឺជាខេត្តដែលមានសក្តានុពលមួយ ក្នុងការទាក់ទាញវិយោគិន ក្នុងស្រុក និងក្រៅប្រទេស ធ្វើការបណ្ដាក់ទុនវិនិយោគ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ដោយសារខេត្តមានទីតាំងភូមិសាស្ត្រហ៊ុព័ទ្ធរាជធានីភ្នំពេញ ជា មជ្ឈមណ្ឌល សេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការដឹកជញ្ជូនដែលជាសរសៃឈាម ដ៏មានសារៈសំខាន់ក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ»។
”ខេត្តកណ្តាល បានរៀបចំនូវយុទ្ធសាស្ត្រផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនយ៉ាងច្បាស់លាល់ តាមរយៈការរៀបចំផែនទីប្លង់គោលប្រើប្រាស់ដី (Master Plan) និងប្លង់ហេដ្ឋារចនា សម្ព័ន្ធទូទាំងខេត្ដ ក្នុងនោះ ខេត្តបានរៀបចំរួចរាល់នូវផែនទីប្លង់គោលប្រើប្រាស់ដី ក្រុងតាខ្មៅ ចក្ខុវិស័យឆ្នាំ២០៣០ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់”។
ជាមួយគ្នានេះ ក្រុងសំពៅពូន ក៏ត្រូវបានរៀបចំប្លង់ គោលប្រើប្រាស់ដីធ្លី ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ តាមរយៈផែនទីប្លង់ គោលប្រើប្រាស់ដីធ្លីនៅក្រុង ស្រុក បានបង្កបរិយាកាសនៃការវិនិយោគកាន់តែច្រើន មកកាន់ក្រុងតាខ្មៅ និងក្រុង ស្រុក ដទៃទៀត ក្នុងខេត្តកណ្តាល ជាពិសេសក្រុងសំពៅពូន ដែលមាន ដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ, ការសាងសង់បុរី លំនៅដ្ឋាន, សណ្ឋាគារ កាស៊ីណូ, រោងចក្រ សហគ្រាសដើម។ល៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222









