ភ្នំពេញ ៖ លោកនាយរងការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈពេលរូបលោកចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ត្រូវជនសង្ស័យបាញ់ត្រូវមួយគ្រាប់ ចំណែកសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យបានចំនួន៣នាក់ផងដែរ ។
ហេតុការណ៍ខាងលើនេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងបុរីមួយកន្លែង ស្ថិតក្នុងសង្កាត់ព្រៃសរ៍ ខណ្ឌដង្កោ និងឃាត់បានជនសង្ស័យចំនួន០៣នាក់ នៅចំនុចផ្លូវ៦០ម៉ែត្រកែង៥០ម៉ែត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ១រូបដែលបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើនោះមានឈ្មោះ ម៉ិច ឆាយភីវ័យ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាល ឋានន្តរសក្ដិ វរសេនីយ៍ត្រី តួនាទីនាយរងការិយាល័យផ្សព្វផ្សាយអប់រំ (ក៩.ក៣)នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ មានស្រុកកំណើតនៅភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ គឺកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន (ក៩.ក៣)បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យមួយក្រុមពាក់ព័ន្ធករណីគ្រឿងញៀ.នក្នុងបុរីមួយកន្លែង នៅសង្កាត់ព្រៃស ។ ក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ ជនសង្ស័យបានដឹងខ្លួនទាន់ ក៍បានទាញកាំភ្លើងបាញ់ស្រោចមកលើកងកម្លាំង បណ្ដាលឲ្យត្រូវចំលោកនាយរងការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនម្នាក់ត្រង់ករ ធ្វើអោយដួលហូរឈាមរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ តែជាអកុសលពេលដល់គ្លីនិកឯកជន ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ ។
ក្នុងហេតុការណ៍ខាងលើនេះដែរ បន្ទាប់ពីជនសង្ស័យបាញ់សមត្ថកិច្ចរួចហើយ ក្រុមជនសង្ស័យបានបើករថយន្តម៉ាក TOYOTA ALPHARD ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-0366 នាំបក្សពួករត់គេច រហូតដល់ចំនុចផ្លូវ៥០ម៉ែត្រកែង៦០ម៉ែត្រ ខណ្ឌដង្កោ ក៏ត្រូវកម្លាំងសហការបោះដៃតាមវិទ្យុទាក់ទង អោយសមត្ថកិច្ចខណ្ឌដង្កោ ដេញឃាត់រថយន្ដនិងជនសង្ស័យបានចំនួន៣នាក់ ក្នុងនោះមានស្រីម្នាក់ រួមទាំងដកហូតរថយន្តមួយគ្រឿងហើយធ្វើការសួរនាំដឹងថា ជនដៃដល់ម្នាក់ដែលជាអ្នកបាញ់សមត្ថកិច្ច ជាជនបរទេស បានចុះពីលើរថយន្ត នៅម្តុំវត្តហារ រត់គេចខ្លួនបាត់តែម្ដង ។
តាមប្រភពបានបន្តទៀតថា បន្ទាប់ពីសាកសួរ សមត្ថកិច្ចបាននាំស្ត្រីម្នាក់ដែលសមត្ថកិច្ចឃាត់បានក្នុងចំណោម៣នាក់ យកទៅខុនដូរមួយនៅម្តុំផ្លូវ ២៨៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ដើម្បីធ្វើការឆែកឆេរ បន្ទប់ក៍បានរកឃើញ វត្ថុតាងមានកាំភ្លើងចំនួន៣ដើម និងសំភារៈមួយចំនួនសង្ស័យជាថ្នាំញៀ.នថែមទៀត រួចហើយក៍នាំគ្នាខ្លួនជនសង្ស័យទាំងអស់នោះទៅខាងមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ទោះបីជាយ៉ាង ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ច រួមទាំងកម្លាំងអាវុធហត្ថនៅតែបន្តឡោមព័ទ្ធកន្លែងជនសង្ស័យរត់គេចខ្លួន រហូតទល់ភ្លឺផងដែរ តែមិនទាន់ឃាត់ខ្លួនជនដៃដល់បាននៅឡើយទេ ។
បច្ចុប្បន្ន ស.ពជនរងគ្រោះត្រូវបានប្រគល់អោយសាច់ញាតិរៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222












