ខេត្តស្ទឹងត្រែង: នៅ យប់ថ្ងៃទី១៣ខែមេសាឆ្នាំ២០២២ មនុស្សពីរនាក់បានរងរបួស ខណៈពេលជួបជុំផឹកស៊ីរាំវង់ក្នុងពិធីអបអរចូលឆ្នាំថ្មី ហើយស្រាប់តែមានជនមិនស្គាល់មុខលបបាញ់ជាច្រើនគ្រាប់ បណ្ដាលឲ្យមនុស្ស២នាក់នៅក្នុងហ្វូងរងរបួសធ្ងន់ ហេតុការណ៍នោះ កើតឡើងនៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
កម្មវិធីជួបជុំមានគ្នា៥ទៅ៦នាក់ផឹកស៊ីច្រៀងរាំ ក៏ស្រាប់តែមានជនមិនស្គាល់មុខបាញ់ចេញពីកន្លែងងងឹតក្បែរបន្ទប់ទឹក សំដៅមកហ្វូងរាំបណ្ដាលឲ្យមនុស្ស២នាក់រងរបួសបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងទាំងយប់។
ជនរងគ្រោះឈ្មោះ ម៉េស ហ៊ីន អាយុជាង៤០ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំត្រកៀកខាងឆ្វេង។ ក្រោយពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ដោយសារស្ថានភាពធ្ងន់ធ្ងរ ក៏បានបញ្ជូនបន្តទៅព្យាបាលនៅទីក្រុងភ្នំពេញទាំងយប់។ ជាមួយនោះស្ត្រីម្នាក់ឈ្មោះ ណែត ធន់ រងរបួសដៃខាងស្ដាំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបញ្ជាក់ថា គេបានរកឃើញគ្រាប់ប្រភេទអាកាចំនួន ៣គ្រាប់ ក្នុងនោះមានមួយគ្រាប់បាញ់មិនផ្ទុះ។ សមត្ថកិច្ចចុះស៊ើបអង្កេត និងកំណត់មុខសញ្ញា ដើម្បីចាប់ខ្លួនជនសង្ស័យយកមកផ្ដន្ទាទោសតាមច្បាប់៕
https://www.rmn.asia






