- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា – សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត – ឯកឧត្ដមព្រឹទ្ធបុរស
- សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា នីតិកាលទី៥ – ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាទីមេតី
ថ្ងៃនេះជាឱកាសដ៏មហាវិសេសវិសាល ដែលព្រឹទ្ធសភានីតិកាលទី៥ បានប្រារព្ធពិធីបើកសម័យ ប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពី ម្ចាស់ឆ្នោតគឺតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ក្នុងក្របខ័ណ្ឌភូមិភាគទាំង៨ បាន សម្តែងនូវឆន្ទៈនិងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាអសកល សេរី និងពហុបក្ស កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមសម្តែងនូវសេចក្ដីអំណរសាទរដ៏កក់ក្ដៅក្រៃលែង ថ្វាយនិង ជូនចំពោះសម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភានីតិកាលទី៥ ដើម្បីរួមគ្នាបំពេញតួនាទីភារកិច្ច ក្នុងស្ថាប័ននីតិប្បញ្ញត្តិកំពូលនេះ ឱ្យប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ មានប្រសិទ្ធភាព និងគណនេយ្យភាពខ្ពស់ ក្នុងក្របខ័ណ្ឌនៃអភិបាលកិច្ចល្អនិងនីតិរដ្ឋ ។ ព្រឹទ្ធសភា ត្រូវរួមចំណែកធ្វើឱ្យអំណាចរដ្ឋប្រព្រឹត្តទៅបានល្អប្រសើរ និងមានតុល្យភាព ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ ព្រមទាំងការពារបាននូវរដ្ឋធម្មនុញ្ញ និងរបបរាជានិយម ។ សាមគ្គីជាតិរឹងមាំ និងកិច្ចការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លានៃសង្គមជាតិឱ្យស្ថិត សេ្ថរគង់វង្ស ត្រូវដើរទន្ទឹមនឹងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ ក្នុងក្របខ័ណ្ឌតំបន់ និង
ពិភពលោក ។
ក្នុងអំឡុងពេលនៃបួននីតិកាលកន្លងទៅនេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានដំណើរ ការដោយរលូន់ ប្រកបដោយភាពចាស់ទុំខាងនយោបាយ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងដឹកនាំបន្តដោយភាព វៃឆ្លាត និងត្រឹមត្រូវច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ននេះដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ។
តាមរយៈសមិទ្ធផលស្នាដៃ និងវឌ្ឍនភាព ក្នុងការអនុវត្តមុខងារស្នូលទាំងបី ព្រឹទ្ធសភាសម្រេចបាន នូវលទ្ធផលវិជ្ជមានជាឧត្តមប្រយោជន៍ចំពោះជាតិ និងប្រជារាស្ត្រ ជាពិសេសពង្រឹងបានស្ថិរភាព នយោបាយ និងការឯកភាពជាតិ លើកកម្ពស់ ការគោរពច្បាប់ និងជំរុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលជាស្ពានតភ្ជាប់អំណាច រដ្ឋខាងលើទៅថ្នាក់មូលដ្ឋានខាងក្រោម ដើម្បីឱ្យលទ្ធិប្រជាធិបតេយ្យចាក់គ្រឹះកាន់តែជ្រៅចាប់ពីថ្នាក់ ជាតិ ដល់ថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។
ក្នុងមុខងារសហប្រតិបត្តិការអន្តរជាតិ ព្រឹទ្ធសភាចូលរួមក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី ដោយបានដើរតួនាទីប្រកបដោយកិត្តិយស និងសក្ដានុពលនៅក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ។
ក្នុងបរិបទនៃកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅ និងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ នជាតិយើង និងមាន ការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់វង្ស គឺជាកត្តាគន្លឹះដ៏សំខាន់សម្រាប់ទ្រទ្រង់ ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ ។
ឈរលើអត្តសញ្ញាណជាតំណាងក្រុមប្រឹក្សាឃុំ សង្កាត់ ព្រឹទ្ធសភានីតិកាលទី៥ ត្រូវបន្តរួម ចំណែកឱ្យកាន់តែសកម្មថែមទៀត ក្នុងការពូនជ្រំប្រជាធិបតេយ្យភាវូបនីយកម្មសង្គមថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ដើម្បីឱ្យមានការបែងចែកមុខងារ ធនធាននិងការទទួលខុសត្រូវច្បាស់លាស់រវាងថ្នាក់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍដោយចីរភាពនិងបរិយាបន្ន ។ ទន្ទឹមនេះ ព្រឹទ្ធសភាត្រូវការពារផលប្រយោជន៍ទូទៅ និងយុត្តិធម៌សង្គម ដើម្បីសមធម៌សង្គម ការគោរពសិទ្ធិសេរីភាព ជំនឿ សេចក្តីថ្លៃថ្នូរ សម្រាប់ប្រជា រាស្ត្រគ្រប់រូប និងលើកកម្ពស់គុណភាពនៃជីវិតរស់នៅឱ្យកាន់តែប្រសើរឡើង ដោយធានាបាននូវ សុភមង្គល ភាពសុខដុមរមនាយូរអង្វែង ទាំងនៅក្នុងគ្រួសារ សហគមន៍ និងក្នុងសង្គមជាតិយើង ទាំងមូល ។
សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាទីរាប់អាន
នាឆ្នាំ២០២៣កន្លងទៅនេះ រដ្ឋសភានីតិកាលទី៧ បានបើកនីតិកាលថ្មី និងកំពុងបន្តការងារ របស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមគ្នាជាមួយនឹងរាជរដ្ឋាភិបាលបន្តវេនថ្មី ដែលបាននឹង កំពុងដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើប្រទេសជាតិ និងប្រជារាស្ត្រ ។
ខ្មែរគឺជាប្រជាជាតិមួយដែលមានអរិយធម៌ដ៏ថ្លៃថ្លា ថ្កុំថ្កើងរុងរឿង ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សរបស់យើងត្រូវបានអនុវត្តប្រកបដោយវិចារណញ្ញាណ ក្នុងស្មារតីបង្រួបបង្រួមផ្សះផ្សាជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិពិតប្រាកដ ។ ក្នុងន័យនេះ ការថែរក្សាការពារសន្តិភាព និងស្ថិរភាព
ជាលក្ខខណ្ឌសកល និងជាបរិយាកាសចម្បងដែលមិនអាចខ្វះបានសម្រាប់ធានាដល់ដំណើរជីវិតជាប្រក្រតី និងការរីកចម្រើនជឿនលឿនរបស់ប្រទេសជាតិ គ្រប់ផ្នែក គ្រប់វិស័យ រួមទាំងការផ្ដល់ឱកាសដល់ ការកែលម្អ ឬកែទម្រង់រចនាសម្ព័ន្ធ និងអភិបាលកិច្ចឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីជា ប្រយោជន៍ដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប្រកបដោយភាពធន់រឹងមាំយូរអង្វែង ។
ក្នុងស្មារតីនេះ ខ្ញុំសូមសម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាព្រឹទ្ធសភា ខិតខំបំពេញការងារ ប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌របស់ព្រឹទ្ធសភា គោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងមានគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការ សម្រេចនូវមុខងារភារកិច្ចរបស់ខ្លួន ដើម្បីផ្តល់ទំនុកចិត្ត និងភាពកក់ក្ដៅដល់ប្រជារាស្ត្រយើង ។
នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ខ្ញុំសូមប្រសិទ្ធពរ សូមព្រឹទ្ធសភានីតិកាលទី៥ ដំណើរការកាន់ តែល្អប្រសើរ មានតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានស័ក្តិសម ប្រកបដោយភាពខ្ពង់ខ្ពស់ ដើម្បីទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងបេសកកម្មរបស់ខ្លួន ជាឧត្តម ប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជារាស្ត្រទាំងមូល ។
ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរ សម្តេចវិបុលសេនាភក្តី សម្តេចមហារដ្ឋសភាធិការធិបតី សម្តេច មហាបវរធិបតី សម្តេចអគ្គមហាសេនាបតីតេជោ ឯកឧត្តមព្រឹទ្ធបុរស សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវទាំងអស់ ជាសមាជិក សមាជិកាដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា នីតិកាលទី៥ ព្រមទាំងភ្ញៀវ ជាតិ-អន្តរជាតិទាំងអស់ សូមបានប្រកបតនឹងពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមអរព្រះគុណ-សូមអរគុណ
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 086976222។
📍ការិយាល័យកណ្ដាល គេហទំព័រ រស្មី ញ៉ូស៍ (បុគ្គលិកប្រចាំការ) ☎️012 278 222 អង្គភាពយើងខ្ញុំមានមេធាវី 03 រូប សម្រាប់ការពារក្ដី បើលោកអ្នកជួបរឿងអយុត្តិធម៏យើងខ្ញុំជួយណែនាំជូន។
សូមអរគុណ !!