ភ្នំពេញ : នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌ ទិដ្ឋភាពនៅ វត្តអរុណវត្តី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានបងប្អូនប្រជាពលរដ្ឋ បានមកវត្ត ដោយមាននំចំណីផ្សេងៗជាច្រើនដើម្បីប្រគេនជូនព្រះសង្ឃ នៅក្នុងថ្ងៃកាន់បិណ្ឌ គឺជាថ្ងៃកាន់បិណ្ឌ៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
ទិដ្ឋភាពនៅក្នុងវត្តអរុណវត្តី ឃើញថាពុទ្ធបរិស័ទបានមកវត្ត ពុំសូវមានចំនួនច្រើននោះទេ តែបើតាមប្រជាការពារដែលបានឈរជើងនៅក្នុងវត្តអរុណវត្តីបានប្រាប់អ្នកសារព័ត៌មានយើងថា កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ត្រពាំងសាំងនិងប្រជាការពារ បានមក ការពារ រក្សាសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដែលបានមកវត្ត ក្នុងពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។
កម្លាំងប្រជាការពារដែលឈរជើងទីនោះបានបន្តឱ្យដឹងទៀតថា ហើយនៅក្នុងវត្តអរុណវត្តី នៅក្នុងថ្ងៃកាន់បិណ្ឌទី៥ ពុំសូវមានបងប្អូនប្រជាពលរដ្ឋមកវត្តទេ តែបើនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យឃើញថាបងប្អូនប្រជាពលរដ្ឋមកកាន់បិណ្ឌនៅក្នុងអរុណវត្តីនេះមានចំនួនភាគច្រើន។
នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។
ពិធីបុណ្យកាន់បិណ្ឌបាត និងបុណ្យភ្ជុំបិណ្ឌត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់១ ឆ្នាំម្តង មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ និងថ្ងៃទី១៥ជាថ្ងៃបុណ្យភ្ជុំធំ។ គេប្រារព្ធធ្វើបុណ្យនេះឡើងដើម្បីជាការគោរពដឹងគុណនិងឧទ្ទិសកុសផលបុណ្យ ដល់បុព្វបុរសជំនាន់ដើម អតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ព្រះបរមរតនកោដ្ឋ បុព្វការីជន ញាតិការទាំង៧សន្តាន ដែលបានចែកឋាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា៕
https://www.rmn.asia
https://t.me/+cYqQWKH24_I5ZjE1
https://youtu.be/hWRgRrI4jZk
RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012278222








