ខេត្តមណ្ឌលគិរី : ថ្មីៗនេះ មានការដឹកជញ្ជូនឈើព្រៃខុសច្បាប់បើកឆ្លងកាត់ជារៀងរាល់ថ្ងៃរាល់យប់ បំពងសំឡេង រំខានដល់ប្រជាពលរដ្ឋ ហើយសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការបង្ក្រាបឡើយ នេះបើតាមសម្ដីប្រជាពលរដ្ឋរស់នៅក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី។

ប្រជាពលរដ្ឋ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា មានការដឹកជញ្ជូនឈើព្រៃ ខុសច្បាប់ជារៀងរាល់ថ្ងៃរាល់យប់បំពងសំឡេងរំខានដល់ពួកគាត់ពុំមានសមត្ថកិច្ចឬអាជ្ញាធរណាមករវល់ឬទប់ស្កាត់ក្នុងការបង្ក្រាប។

ជាក់ស្ដែងនៅវេលាម៉ោង ៦:៣០ នាទីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញនិងការត្អូញត្អែរពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ ក្រុមអ្នកសារព័ត៌មានយើងខ្ញុំក៏បានចុះទៅផ្តិតយករូបភាពបទល្មើសជាក់ស្ដែងក៍បានប្រទះបានឃើញឡានដឹកឈើឆ្លងកាត់ផ្លូវក្នុងភូមិខាងលើ ពិតប្រាកដមែន ដូចដែលការរាយការណ៍ពីប្រជាពលរដ្ឋ។

ឈ្មួញដែលដឹកឈើតាមរថយន្តឆ្លងកាត់ភូមិខាងលើជារៀងរាល់ថ្ងៃត្រូវបានគេស្គាល់ថា ជាឈ្មួញឈើដ៏ល្បីនិងអាងខ្នងយ៉ាងរឹងមាំ បានដឹក ហើយបំពងសំឡេងរថយន្តពេញភូមិ យ៉ាងរំភើយព្រមទាំងដឹកជញ្ជូនយកដាក់ស្តុកក្នុងផ្ទះរបស់ខ្លួន។

តាមប្រភពប្រជាពលរដ្ឋបានបញ្ជាក់បន្ថែមទៀតថា បុគ្គលដែលរកស៊ីដឹកឈើតាមរថយន្តមកដាក់ស្តុបក្នុងផ្ទះរបស់ខ្លួននេះមានឈ្មោះ ធិ ជាអ្នករកស៊ីបទល្មើសព្រៃឈើយូរណាស់មកហើយ មិនដែលឃើញសមត្ថកិច្ចពាក់ព័ន្ធធ្វើការបង្ក្រាបឬទប់ស្កាត់ទេ ប្រជាពលរដ្ឋដាក់មន្ទិលសង្ស័យថា ប្រហែលជាសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធបានលាភសក្ការៈពីឈ្មួញឈ្មោះធីនេះហើយមើលទៅ បានជាមិនមានវិធានការក្នុងការបង្ក្រាប ។

ហើយបុគ្គលឈ្មោះធិ បានដឹកឈើចេញពីចំណុចភូមិស្រែអ៊ី ឆ្លងកាត់ប៉ុស្តិ៍បរិស្ថានឆ្លងកាត់ភូមិពូត្រុំ រួចក៏ដឹកចូលស្តុបដាក់ក្នុងផ្ទះក្នុងភូមិស្វាយចេក សង្កាត់សុខដុមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។បុគ្គលរូបនេះតែងតែយកឈ្មោះអ្នកធំមកជាសំអាងពេលដែលគេសួរនាំ។

ប្រជាពលរដ្ឋបានសំណូមពរ ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចាត់មន្ត្រីជំនាញធ្វើការស្រាវជ្រាវ និងទប់ស្កាត់បទល្មើស ព្រៃឈើ ដោយខុសច្បាប់ផងទាន។ ។

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​និងគ្រប់ភាគីទាំងអស់ គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕ដោយ: ប្រុស
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 22

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *