ភ្នំពេញ ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវដែក ត្រង់ចំណុចភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ រថភ្លើងមួយខ្សែសណ្តោងទូដឹកសុីទែនប្រេង និងកុងតឺន័រផ្ទុកទំនិញសរុបជាង៣០ទូ ខណៈពេលកំពុងបើកបរសុខៗ ស្រាប់តែស្រុតផ្លូវ បណ្ដាលឲ្យកង់រត់ខុសផ្លូវក្រឡាប់ធ្លាក់ទូ១ដែលមានដឹកប្រេងចំនួន២សុីទែន និងទូ១ទៀតដេកប្រេង២សុីទែនដែរនោះបានធ្លាក់ផ្លូវ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថភ្លើងខាងលើដឹកសណ្ដោងទូដឹកប្រេង និងទូកុងតឺន័រដឹកទំនិញសរុប៣១ទូ ក្នុងនោះសុីទែនប្រេងសាំងចំនួន១៩ទូ ទូកុងតឺន័រចំនួន១០ទូ និងទូបម្រុងចំនួន២ទូ។នៅមុនពេលកើតហេតុរថភ្លើងមួយខ្សែនេះបានដឹកប្រេងសាំងនិងទំនិញ ធ្វើដំណើរចេញពីខេត្តព្រះសីហនុចូលមករាជធានីភ្នំពេញ ហើយបើកចេញពីផ្លូវដែកខ្សែភ្នំពេញ-កំពត ក្នុងទិសដៅពីត្បូងទៅជើងឆ្ពោះទៅខ្សែភ្នំពេញ-បាត់ដំបង។ក្នុងបំណងយកប្រេងទៅស្តុកទុកនៅឃ្លាំងប្រេងមួយស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល។
ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែស្រុតកំណល់ផ្លូវដែក បណ្ដាលឲ្យកង់រត់ខុសផ្លូវក្រឡាប់ធ្លាក់ទូ១ដែលមានដឹកប្រេងចំនួន២សុីទែន និងទូ១ទៀតដេកប្រេង២សុីទែនដែរនោះបានធ្លាក់ផ្លូវ ប៉ុន្តែពុំបណ្ដាលឲ្យធ្លាយប្រេងឬមសនអ្នករងគ្រោះឡើយ។ក្រោយពេលកើតហេតុខាងក្រុមហ៊ុនរថភ្លើងនិងក្រុមហ៊ុនប្រេងព្រមទាំងទំនិញបានចុះទៅពិនិត្យជាក់ស្ដែងរួច ធ្វើការជួសជុលផ្លូវដែកព្រមទាំងស្ទូចលើទូឡើងវិញ ៕
https://www.rmn.asia