ខេត្តកំពង់ស្ពឺ ៖ ការឃាត់ខ្លួនបុរសជនសង្ស័យជួញដូរសត្វពង្រូលនេះបានកាលពីល្ងាចថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបានខណៈដែល ជនសង្ស័យបានដឹកសត្វពង្រូលចំនួន៥ក្បាលយកមកលក់ឱ្យឈ្មួញនៅតាមហាងលក់សត្វព្រៃ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយសមត្ថកិច្ចឃាត់ខ្លួនដកហូតវត្ថុតាងតែម្តង ។

តាមការឱ្យដឹងពីមន្ត្រីនគរបាលជំនាញថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ទុំ ភក្រ ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅលើទំនប់ពាមល្វា ក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នគរបាលជំនាញបានបន្តទៀតថា កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាប បទល្មេីសជួញដូរសត្វពង្រូល១ករណី បាននាំខ្លួនជនសង្ស័យ ម្នាក់មកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ទុំ ភក្រ ភេទប្រុស អាយុ៣៨ ឆ្នាំ មានអាស័យដ្ឋាននៅភូមិពោធិមាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួចមក កម្លាំងជំនាញដកហូតបានវត្ថុតាងជាក់ស្តែងសត្វពង្រូល ចំនួន០៥ ក្បាល(ប្រហែល ២០គីឡូក្រាម) ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ជនសង្ស័យខាងលើនេះធ្វើសកម្មភាពជួញដូរសត្វព្រៃ (សត្វពង្រូល)នេះជាយូរឆ្នាំណាស់មកហើយ។ ហើយតែងតែដឹកយកមកលក់តាមបណ្តាលហាងលក់ម្ហូបអារហារ ធំៗជាច្រើនកន្លែងក្នុងក្រុងច្បារមន ស្រុកសំរោងទង ខេត្តកំពង់ស្ពឺនេះ។ ប៉ុន្តែមិនដែលឃើញសមត្ថកិច្ចជំនាញចាប់ឃាត់ ឬបង្ក្រាបនោះទេ គេមិនដឹងថាម្ចាស់ហាងលក់ម្ហូបសត្វព្រៃមានខ្នងបង្អែកឬខ្សែរស្រឡាយធំគ្រាក់ៗបែបណានោះទេ ទើបអាចលក់ដូរ និងឈរជើងបានរហូតដល់សព្វថ្ងៃនេះ ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺមានការសាទរចំពោះកម្លាំងជំនាញធ្វើការបង្ក្រាបជនសង្ស័យជួញដូរសត្វព្រៃ សត្វពង្រូលដែលជាសត្វកម្រនៅក្នុងប្រទេសកម្ពុជាស្ទើរតែផុតពូជទៅហើយនោះ ។ប៉ុន្តែប្រជាពលរដ្ឋក៏ធ្វើការសំណូមពរដល់ អស់លោកអាជ្ញាធរ និងសមត្ថកិច្ចជំនាញ មេត្តាចាត់មន្ត្រីចុះពិនិត្យតាមបណ្តាលហាងលក់ម្ហូបអារហារដែលមានលក់ សាច់សត្វព្រៃក្នុងក្រុងច្បារមន ជាច្រើនផង។ បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាសត្វព្រៃនិងផុតពូជ ជាក់ជាមិនខានឡើយ ។

បច្ចុប្បន្នជនសង្ស័យរួមជាមួយនិងវត្ថុតាងខាងលេីនគរបាលជំនាញបានយកទៅរក្សាទុកនៅស្នងការដ្ឋាន ដេីម្បីប្រគល់ជូនទៅជំនាញរដ្ឋបាល ព្រៃឈេីចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ ឬធ្វើការអភិរក្សសត្វព្រៃដែលកម្រ និងជិតផុតពូជនេះ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed