https://www.rmn.asia / Raksmey News / RMN News ចុះផ្សាយថ្ងៃទី 28 ខែ​កក្កដា 2022 ម៉ោង 9:46 ព្រឹក

បន្ទាយមានជ័យ ៖ ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។

ប្រភពពីប្រជាពលរដ្ឋខ្មែរបានឲ្យដឹងថា ភាពមិនប្រក្រតីសម្រាប់ប្រជាជនកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ដែលកាន់ ប័ណ្ណ ឆ្លងដែនកម្ពុជា ថៃ បោះត្រាចេញ ចូល១ដងត្រូវបង់លុយ ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីថៃបាន២យប់ ៣ថ្ងៃ ដែលកាលពីមុនមានសុពលភាពដល់ទៅ១សប្ដាហ៍ឯណោះ ហើយការកំណត់បែបនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។

ចំណែកប្រជាជនថៃចូលមកកម្ពុជា ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរ២យប់ ៣ថ្ងៃ ប៉ុន្តែក្រោយពេលមានការតវ៉ាទៅអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទើបមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍ដែលប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតថារឿងអយុត្តិធម៌សម្រាប់អាជីវករលក់ ផ្សាររ៉ូងក្លឿប្រទេសថៃ។

ថ្មីនេះឃើញផេករបស់ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហោះសារដែលជាការសំណូមពរពីប្រជាពលរដ្ឋ និងជាអាជីវករលក់ផ្សាររ៉ូងក្លឿប្រទេសថៃសុំឲ្យមានភាពស្មើគ្នាចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់ប័ណ្ណព្រំដែនកម្ពុជា.ថៃដែលចេញ.ចូលទៅប្រទេសថៃខេត្តជាប់ជាយដែន២ខេត្តមានខេត្តស្រះកែវ និងខេត្តចាន់បូរី គឺនគរបាលអន្តោប្រវេសន៍វាយត្រាចេញម្តងអស់ចំនួន៥០បាតស្មើ៦.០០០រៀល ដែលអាចឲ្យពលរដ្ឋខ្មែរស្នាក់នៅបានត្រឹមតែរយៈ២យប់៣ថ្ងៃខុសកាលពីមុនបានរយៈពេល១សប្តាហ៍។

តែប្រជាពលរដ្ឋថៃចូលមកកម្ពុជាវិញបាន២ខេត្តជាប់ជាយដែនដូចគ្នាមានខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប ដែលវាយត្រាចេញម្តងពលរដ្ឋថៃអាចស្នាក់ខាងកម្ពុជាបានរយៈពេល១សប្តាហ៍ ពលរដ្ឋថាវាដូចជារឿងអយុត្តិធម៌ពេកសុំតែស្មើភាពគ្នាបានហើយ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា ៖ ប្រជាពលរដ្ឋកម្ពុជាដែលចូលទៅប្រទេសថៃ២ខេត្តជាប់ជាយដែនគឺវាយត្រាចេញម្តងដោយអាជ្ញាធរភាគីថៃជាអ្នកកំណត់ឲ្យរយៈពេល៣ថ្ងៃខុសពីមុនបានរយៈពេល៧ថ្ងៃ តែប្រជាពលរដ្ឋថៃដែលចូលមកកម្ពុជា២ខេត្តជាប់ជាយដែនអាជ្ញាធរកម្ពុជាតម្រូវបានរយៈពេល៧ថ្ងៃដូចមុន។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ មូលហេតុអាជ្ញាធរថៃតម្រូវអោយប្រជាពលរដ្ឋចូលស្នាក់នៅរយៈពេល៣ថ្ងៃព្រោះតែស្ថានភាពវិបត្តិកូវីដ.១៩ ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរខេត្តកម្ពុជាបានជួបប្រជុំពិភាក្សាជាមួយភាពថៃដើម្បីឲ្យប្រជាពលរដ្ឋចូលស្នាក់នៅបានរយៈពេល៧ថ្ងៃដូចមុន តែភាគីថៃមិនទាន់បានផ្តល់ចម្លើយនៅឡើយ ។

ហើយប្រជាពលរដ្ឋថៃដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតអាជ្ញាធរកម្ពុជាបានអនុញ្ញាតិស្នាក់នៅរយៈពេល៧ថ្ងៃដូចមុន ព្រោះប្រទេសកម្ពុជាបរិបទកូវីដ.១៩ ត្រូវបានធូរស្រាលនិងប្រជាពលរដ្ឋកម្ពុជាបានចាក់វាក់សាំងការពារកូវីដ.១៩ រហូតដូសទី៥នេះជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed