https://www.rmn.asia

ខេត្តស្ទឹងត្រែង : មេរត់ការឈើ ទៅសមត្ថកិច្ចពាក់ព័ន្ធមន្ត្រីជំនាញនៅអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បន្តប្រមូលឈើដាក់ទូករាល់យប់តាមទន្លេមេគង្គ ឆ្ពោះទៅកោះខ្ញែរនិងឃុំវឌ្ឍនៈស្រុកសំបូរខេត្តក្រចេះ។

មន្ត្រីពាក់ព័ន្ធ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើប្រចាំការ នៅតំបន់នោះ ហាក់ចាញ់បារមីឈ្មួញរកស៊ីឈើដោយមិនហ៊ានបង្ក្រាប។

ប្រភពបានឲ្យដឹងថា មេខ្លោងរត់ការឈើនៅតំបន់នោះអ្នកណាក៏ស្គាល់ដែរ គឺឈ្មោះតាវុធ។ ក្រៅពីនេះមានមេឈ្មួញជាច្រើនទៀត នៅដូចជាឈ្មោះឈឹម ឈ្មោះរិទ្ធិ និងឈ្មោះសៀងឡាន។ ថែមទាំងមានឈ្មួញខ្មែរអីស្លាមជាច្រើននាក់ទៀត មកពីខេត្តក្រចេះ ប្រមូលឈើពីអ្នក ភូមិនៅអូរឡង់ ឃុំសៀមបូក ដាក់ទូកដូចផ្សារលក់ត្រី។

ប្រភពបានឲ្យដឹងថា ទូកមួយគ្រឿងអាចដាក់ឈើបានចំណុះ៣ ម៉ែត្រគុប។ ក៏ប៉ុន្តែ បើទូកធំអាចពី១៥ ទៅ២០ ម៉ែត្រគុប។ តម្លៃឈើក្តាកកោះត្រូវប៉ាន់ជាងគេលើតម្លៃទីផ្សារ ទិញនៅអូរឡង់ សៀមបូក ខេត្តស្ទឹងត្រែង ក្នុងមួយម៉ែត្រគូបតម្លៃជាង១លានរៀល។ ពេលទៅដល់កោះខ្ញែរនិងឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះតម្លៃចាប់ពី៦០០ ទៅ៧០០ដុល្លារ ក្នុងមួយម៉ែត្រគុប។ បើដល់ខេត្តកំពង់ចាម ព្រៃវែងនោះតម្លៃជាង១ពាន់ដុល្លារក្នុងមួយម៉ែត្រគុប។

ប្រភពបានបន្តថា ឈ្មួញឈើនៅតំបន់ខាងលើនោះ ភាគច្រើនធ្វើសកម្មភាពចាប់ពីព្រលប់រហូតដល់យប់អធ្រាត្រ។ ចំណែកគោយន្តរបស់អ្នកភូមិរាប់រយគ្រឿង បានចូលទៅក្នុងព្រៃដឹក ជញ្ជូនឈើ យកមកទម្លាក់ នៅតាមភូមិដើម្បីលក់បន្តទៅឱ្យឈ្មួញ។ មេឈ្មួញទាំងអស់បានចាត់តាំង អ្នករត់ការម្នាក់ ឈ្មោះវុធ ពីព្រោះឈ្មោះវុធ ត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ច។

តាវុធរត់ការប៉ាវអ្នកនេះ ឬអ្នកនោះផឹកស៊ីតាមហាងចូលខារ៉ាអូខេ សឹងមិនលាស់ថ្ងៃទេ។ រថយន្តដែលមេការឈើរូបនេះ ជិះបានក្រឡាប់ជាច្រើនដង ហើយដោយសារផឹកស៊ីស្រវឹង។
បើអ្នកធំថ្នាក់ស្រុក ឬខេត្តស្ទឹងត្រែង ចុះទៅសៀមបូក គឺមេការឈើឈ្មោះតាវុធ ចេញមុខចាត់ចែងហើយ។ ហេតុនេះហើយបានជាគ្មានសមត្ថកិច្ចណាធ្វើកអ្នករកស៊ីបទល្មើសកើត។ តែបើឈ្មួញណាមិនឲ្យឈ្មោះវុធ រត់ការទេនោះមេការឈ្មោះវុធ និងប្ដឹងសមត្ថកិច្ចឱ្យចាប់ឈើភ្លាម។
ថ្មីៗនេះមេកាឈើឈ្មោះតាវុធ បានខឹងអ្នកកាសែតម្នាក់ រឿងថតឈើហើយតាវុធ យកទូរស័ព្ទបោះចូលទឹក ទន្លេបាត់សមត្ថកិច្ចក៏មិនមានចំណាត់ការដែរ។
ឈ្មោះវុធ មេការឈើបាននិយាយ កាលពីយប់ថ្ងៃទី២៥កក្កដា២០២២ថា អ្នកណាក៏ដោយបើស្គាល់ឈ្មោះវុធ អាចជួបបានគ្រប់ពេល។ តែបើនិយាយរឿងឈើគឺថាឈើរបស់ប្រជាពលរដ្ឋ។

លោកសុខ សំណាង មន្រ្តីរដ្ឋបាលព្រៃឈើ ដែលទើបទទួលតំណែងថ្មី ចុះទៅសៀមបូក មិនអាចសុំការបំភ្លឺបានទេនៅល្ងាចថ្ងៃទី២៦ កក្កដានេះ។
ប៉ុន្តែលោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើ បាននិយាយថា លោកនឹងចាត់មន្ត្រីនិងសុំឲ្យមានការសហការ ពីប្រជាពលរដ្ឋដើម្បីទប់ស្កាត់បទល្មើសនៅតំបន់នោះ៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed