ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យពីរនាក់ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ខ្លួននៅចំនុចរីស៊ត ផារ៉ាដាយ ស្ថិតនៅក្នុភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្រោយរកឃើញថា ពួកគេបានរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ហើយសមត្ថកិច្ចកំពុងកសាងសំនុំរឿងដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរត្រូវបានឃាត់ខ្លួននៅយប់ថ្ងៃទី១៩ កក្កដា ហើយនៅថ្ងៃទី២០ កក្កដា ២០២២ សមត្ថកិច្ចបានបន្តនិតិវិធី ដើម្បីសាកសួរចម្លើយពួកគេនៅការិយាល័យគ្រឿងញៀននៃស្នងការដ្ឋានខេត្ត។សមត្ថកិច្ចបន្តថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ បានធ្វើការបង្រ្កាបនិងចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជនសង្ស័យទី១. មានឈ្មោះ ហ៊ុន ធានលាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរខួងអណ្ដូង មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ពិនិត្យទឹកម៉ូត្រវិជ្ជមាន។ជនសង្ស័យទី២មានឈ្មោះ ឡុង ម៉េងគ័ង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរីពិនិត្យទឹកម៉ូត្រវិជ្ជមាន។
សមត្ថកិច្ចបន្តថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យករួមសម្ភារៈដូចខាងរួមមាន៖ ១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាម្សៅក្រាមពណ៌ស ចំនួន០១កញ្ចប់ធំល្មម។ ២.ទូរស័ព្ទ ចំនួន០២គ្រឿង (ម៉ាកIphone 7 ពណ៌ខ្មៅ០១គ្រឿង និង ម៉ាក Iphone 12Pro ពណ៌ទឹកប៊ិច) ៣.រថយន្ត ០១គ្រឿង ម៉ាក Ford Ranger ពណ៌ខ្មៅ ៤.ក្បាលបារីអេឡិចត្រូនិច ចំនួន១១ដើម។
៥.ប្រាក់រៀលចំនួន១៥០.០០០៛។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ ទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់ ៕
https://www.rmn.asia