• ចុះផ្សាយថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ 

បន្ទាយមានជ័យ៖ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា ខេត្តបន្ទាយមានជ័យ ដឹកនាំដោយមេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានជួបពិភាក្សាជាមួយទាហាន (ព្រាន) ឈុតខ្មៅថៃកងអនុសេនាធំ ១៣០៥ ដែលឈរជើងដឹកនាំដោយលោកវរសេនីយ៍ត្រី សូរ៉ាត់ យាន់មួ នៅចំណុចមាត់អូរព្រំដែន (ទឹកដីថៃ) ស្ថិតក្នុងភូមិឃុតហ៊ីន ឃុំខ្លងណាំសៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ទល់មុខភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ 

លោកវរសេនីយ៍ឯក សួង សៅ បានឱ្យដឹងថា ជំនួបពិភាក្សានេះគឺធ្វើឡើងដើម្បីបង្កើន ចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងគ្នាទៅវិញទៅមក និងបានប្តេជ្ញារួមគ្នា ទប់ស្កាត់បទល្មើសតាមព្រំដែន ទាំងបទល្មើសសេដ្ឋកិច្ច បទល្មើសជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងពលករឆ្លងដែនខុសច្បាប់ជាដើម។ 

កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ពេលសម្ពោធដាក់ឱ្យប្រើប្រាស់ អគារទីស្នាក់ការច្រកទ្វារអន្តរជាតិប៉ោយប៉ែត (កម្ពុជា-ថៃ) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញដល់ខេត្តជាប់ព្រំដែនពិសេសកម្ពុជា-ថៃ បន្តកិច្ចសហការគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងកិច្ចការងារចាំបាច់រវាងប្រទេសទាំងពីរ ដោយត្រូវមានការរឹតបន្តឹងទប់ស្កាត់នូវបទល្មើសលួចឆ្លងដែនដោយខុសច្បាប់នានា ជាពិសេសគ្រឿងញៀនតែម្ដង ដោយឱ្យគ្រប់សមត្ថកិច្ចពាក់ពន្ធ័ត្រូវត្រួតពិនិត្យអោយបានម៉ត់ចត់ចំពោះបញ្ហានេះ៕

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed