កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុនិងគ្រប់ផ្នែកពាក់ពន្ធ័បានបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឈានទៅចាប់ខ្លួនជនសង្សយ័ជាឃាតករ បានហើយ នៅយប់ថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ ក្នុងនោះសង្សយ័ដែលជាជនដៃដល់ ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួននៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពរួចកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះឲ្យបណ្តាញផ្សព្វផ្សាយដឹងថា អនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតដល់រសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ ទើបកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ និងឈានទៅដល់ការចាប់ខ្លួនបាននៅចំណុចសណ្ឋាគារ ម៉ាន់ ស៊ីគ័ង ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

របាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា កាលពីវេលាម៉ោង ១:០០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីឃាតកម្មកើតឡើង ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងជាន់ទី១ ស្ថិតាមបណ្តោយផ្លូវលេខ១០២ ក្រុម២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្នុងករណីនេះ សមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញជនដៃដល់ឈ្មោះ LI XIAO JIANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន និងបានដកហូតអាវុធខ្លី មួយដើម ម៉ាក BERETTA (ប្រើហ្គាស), ប្រាក់ដុល្លា សែន១ដុំ និងទូរស័ព្ទ ១គ្រឿង។

ចំណែកជនរងគ្រោះមានឈ្មោះ LOU ZHIJIN ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន ត្រូវជនសង្សយ័យកខ្សែចងដៃ ចងជើងជាប់ ហើយច្របាច់បំពង់ក និងខ្ទប់ផ្លូវដង្ហើមរហូតដល់ស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្ន ជនសង្សយ័ដែលជាជនដៃដល់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ប្រគល់ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាត់ចែងបន្ត កសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕
https://www.rmn.asia

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed