ខេត្តកណ្ដាល៖ ដោយមើលឃើញពីការកកស្ទះចរាចរណ៍ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យការធ្វើចរាចរណ៍ និងពិនិត្យស្ថានភាពផ្លូវជាតិលេខ21B ចាប់ពីផ្លូវជាតិលេខ2 ត្រង់ចំណុចស្តុបស្ពានព្រែកហូរ រហូតដល់រង្វង់មូលស្ពានព្រែកសំរោង។
ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើដល់មន្ត្រីជំនាញ ត្រូវចុះសិក្សាដើម្បីធ្វើការពង្រីក និងជួសជុលឡើងវិញនូវកំណាត់ផ្លូវជាតិលេខ 21Bនេះ ធ្វើយ៉ាងណាដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ចៀសនូវការកកស្ទះផងដែរ។
សូមបញ្ជាក់ផងដែរថា ត្រង់កំណាត់ផ្លូវជាតិលេខ 21Bនេះ មានប្រវែង ៣គីឡូម៉ែត្រ ទទឹង ១១ម៉ែត្រ ដែលជាផ្លូវមួយមានសារៈសំខាន់ ក្នុងការដឹកទំនិញឆ្លងកាត់វាងក្រុងផងដែរ៕