ភ្នំពេញ : ប្រជាពលរដ្ឋរស់នៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលចំនួន ២២គ្រួសារ រងនៅការរំលោភបំពាន ពីមន្ត្រីគ្រាប់ល្ពៅស្ងោរ តើនេះគឺជាទង្វើជួយលុបបំបាត់ភាពក្រីក្ររបស់ប្រជាពលរដ្ឋដែរទេ? ដោយអ្នកមានអំណាចយកគ្រឿងចក្រមកឈូសឆាយលើដីមេទឹក អាស្រ័យផលរបស់ប្រជាពលរដ្ឋ។

ជាក់ស្ដែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រជាពលរដ្ឋចំនួន២២គ្រួសារ ដែលរស់នៅក្នុងភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បាននាំគ្នាមកដាក់ពាក្យបណ្ដឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ និងដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ នៅខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ដល់ពួកគាត់ដោយមន្ត្រីមានអំណាចមួយចំនួនឃុបឃិតគ្នាក្លែងបន្លំឯកសារដើម្បីបំភាន់ភ្នែកថ្នាក់លើយកដីរបស់ពួកគាត់ ដោយឱ្យពួកគាត់យកនូវសំណងជាជាទឹកប្រាក់ ឱ្យពួកគាត់ចាកចេញដីដែលកំពុងអាស្រ័យផលនៅពេលបច្ចុប្បន្ន។

គួររំលឹកផងដែរ បងប្អូនប្រជាពលរដ្ឋបានថ្លែងប្រាប់ថា : យើងខ្ញុំទាំងអស់គ្នាជាប្រជាពលរដ្ឋរស់នៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាលចំនួន ២២គ្រួសារ បានកើតទុក្ខមិនសុខចិត្តចំពោះលោកអភិបាលស្រុកពញាឮ ដែលមិនបានដោះស្រាយបញ្ហាដីធ្លីរបស់ពួកយើង ដែលមានក្បាលដីលេខ ១៤៦០ ទំហំ៥៦៧៩៧ម៉ែត្រការ៉េ នៅចំនុចដីស្រែប្រាំងទួលអង្គុំ ស្ថិតនៅភូមិបឹងក្តុល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល និងដើម្បីផ្តល់នូវប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លីមកឱ្យពួកយើងខ្ញុំធ្វើជាម្ចាស់កម្មសិទ្ធិទេ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ យើងខ្ញុំទាំងអស់គ្នាបានដាក់ពាក្យស្នើសុំទៅអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ប៉ុន្តែពួកយើងមិនបានទទួលបានដំណោះស្រាយអ្វីទាំងអស់និយាយឱ្យចំទៅគឺពួកគាត់មិនដោះស្រាយតែម្តង។

ក្រោយមកទៀតយើងខ្ញុំទាំងអស់គ្នាបានដាក់ពាក្យស្នើសុំបន្ថែមទៀតទៅលោកអភិបាលនៃគណៈអភិបាលខេត្តកណ្តាលនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ម្តងទៀត បន្ទាប់ពីទទួលពាក្យស្នើសុំបន្ថែមពីពួកយើងខ្ញុំ លោកអភិបាលស្រុកពញាឮបានធ្វើកិច្ចដំណោះស្រាយទៅលើមេទឹកអង្គុំនេះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅសាលាស្រុក ដែលអ្នកចូលរួមគឺ លោក ម៉ៅ ប៊ុនហ៊ាន ជំទប់ទី១ លោក ហេង វិចិត្ត សមាជិកក្រុមប្រឹក្សាឃុំ និងលោកស្រី ឆោម សារ៉ន អនុប្រធានភូមិពោធិមង្គល បានលើកឡើងថា ខាងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិផ្តល់ថវិកាជាគោលនយោបាយចំនួន ១,៥០០,០០០រៀល ដល់ពួកយើងទាំងអស់គ្នា តែពួកយើងទាំងអស់គ្នាមិនព្រមទទួលយក និង ថវិកាដែលពួកយើងខ្ញុំស្នើសុំគោលនយោបាយចំនួន ៥,០០០,០០០រៀលនោះក៏មិនយកដែរ គឺសូមតែរក្សាស្ថានភាពដីឱ្យនៅដដែលដើម្បីអាស្រ័យផលព្រោះមេទឹកអង្គុំនេះជាដង្ហើមទឹកនៃការធ្វើកសិកម្មរបស់ពួកយើងទាំងអស់គ្នា ហេតុដូចនេះពួកយើងខ្ញុំទាំងអស់គ្នាបានដាក់ពាក្យសុំធ្វើអន្តរាគមន៍ ទៅឃុតិកាល័យសម្ដេចតេជោ ហ៊ុន សែន ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយបញ្ហាដីខាងលើឱ្យបានឆាប់រហ័សផង។

ដូច្នេះយើងខ្ញុំជាអង្គភាពសារព័ត៌មាន មានតែផ្សាយដំណឹងនេះបន្ត ដើម្បីជម្រុញ និងពង្លឿនការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋចំនួន២២គ្រួសារនេះឱ្យឆាប់ទទួលបានសិទ្ធិកាន់កាប់ដោយស្របច្បាប់ផងចុះទាន ព្រោះអនុសាសន៍របស់សម្តេច ហ៊ុន សែន លោកបានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ នឹងធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យប្រជាពលរដ្ឋនៅបំណាច់ឆ្នាំ២០២៣ឱ្យអស់។

​អង្គភាព​អ្នកសារព័ត៌មាន​យើងខ្ញុំ ចុះផ្សាយ​ខាងលើនេះ​គ្មាន​គោលបំណង​ធ្វើឱ្យប៉ះពាល់​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ណា​នោះទេ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង រិះគន់​ក្នុង​ន័យ​ស្ថាបនា ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍន៍​សង្គម​ជាតិ អង្គភាព​សារព័ត៌មាន​យើង​រង់ចាំ​ការឆ្លើយបំភ្លឺ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់ពេល​ម៉ោង​ធ្វើការ​តាម​របប​អ្នកសារព័ត៌មាន​ សូម​អរគុណ​៕
https://t.me/+cYqQWKH24_I5ZjE1
https://www.rmn.asia

RaksmeyNews ព័ត៌មានទាន់ហេតុការណ៍ សូមទំនាក់ទំនងផ្ដល់ព័ត៌មាន 012 278 222

By rmnasia

Leave a Reply

Your email address will not be published. Required fields are marked *

You missed