ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះ លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ។
លោក ស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើងតាមបទបញ្ជារបស់ឯកឧត្ដម ឃួង ស្រេង ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀលើទ្រូវផ្លូវ ពិបាកធ្វើដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀតដូចជា ខូចខាតផ្លូវ ប្រព័ន្ធលូជាដើម។
លោក ស៊ុយ សេរិទ្ធ បន្ថែមថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាត ដូចជា លូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រ និងផ្លូវ ៣០ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូ និងផ្លូវ។
លោក បានបញ្ជាក់ផងដែរថា ទីតាំងដេប៉ូខ្សាច់ខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសាររួចមកហើយ និងបានណែនាំឱ្យម្ចាស់ដេប៉ូមានម៉ាស៊ីនលាងកង់រថយន្ត និងដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្មនៅតែអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំងស្រុងតែម្តង។
គួរបញ្ជាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ តែកំពុងធ្វើអាជីវកម្មតែ៤ ទីតាំងប៉ុណ្ណោះ៕
https://www.rmn.asia
![](http://rmn.asia/wp-content/uploads/2022/08/98E2DC08-43E6-48AB-9E14-EAB33C4AE0C0-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/4B68ED8F-8C76-45E4-9403-35F5214690AE.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/C76F0E81-3707-4AF5-AD5C-B391C91818A9-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/511818BC-EEBC-4E3C-9D4B-84FAB7A05AE7-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/3991111D-2BA1-4B92-A597-5C5D129529A4-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/937D8196-C714-4A13-BB0C-1678E2C95D3C-1024x768.jpeg)
![](http://rmn.asia/wp-content/uploads/2022/08/987B5E29-59D4-4CAD-A23E-F2AD0FFDFB14-1024x697.jpeg)